Vietnam Tourism

VNAT official letter coronavirus

សំបុត្រពីប្រធានរដ្ឋបាលជាតិទេសចរណ៍វៀតណាម ស្តីពីវីរុសកូរ៉ូណាប្រភេទថ្មី

Feb 03, 2020 | Press Release

សំបុត្រពីប្រធានរដ្ឋបាលជាតិទេសចរណ៍វៀតណាម ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០

ជូនចំពោះមិត្តភក្តិទាំងអស់គ្នា

ក្នុងនាមរដ្ឋបាលជាតិទេសចរណ៍វៀតណាម នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ខ្ញុំសូមជម្រាបជូនដល់អ្នកគាំទ្រ ដៃគូអាជីវកម្ម និងមិត្តភក្តិទាំងអស់ឱ្យបានជ្រាបថា រដ្ឋាភិបាលវៀតណាម និងវិស័យទេសចរណ៍បានបង្កើនការប្រុងប្រយ័ត្ន និងដាក់ចេញនូវវិធានការជាក់ស្តែងនានា ដើម្បីធានាបាននូវការការពារ និងការថែរក្សាសុខភាពកម្រិតអតិបរមា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៃការរីករាលដាលនៃជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCov)។

ភ្លាមៗបន្ទាប់ពីប្រទេសចិនបានប្រកាសពីការផ្ទុះឡើងនៃជំងឺ 2019-nCov ហើយអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នសុខភាពសាធារណៈដែលជាក្តីបារម្ភអន្តរជាតិ (PHEIC) រដ្ឋាភិបាលវៀតណាម និងគ្រប់វិស័យទាំងអស់ដូចជា សុខាភិបាល ទេសចរណ៍ និងស្ថាប័នរដ្ឋពាក់ព័ន្ធផ្សេងទៀត បានចូលរួមចំណែកយ៉ាងសកម្មក្នុងការឆ្លើយតបទៅនឹងស្ថានភាពអាសន្ននេះ និងបានអនុវត្តជាបន្ទាន់នូវវិធានការបង្ការ និងត្រួតពិនិត្យជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង។ គណៈកម្មាធិការដឹកនាំជាតិសម្រាប់ការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺ 2019-nCoV ត្រូវបានបង្កើតឡើង ព្រមទាំងក្រុមឆ្លើយតបរហ័សចំនួន ៤៥ ក្រុមត្រូវបានដាក់ពង្រាយ។ រាល់ប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនទាំងអស់កំពុងត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ព្រមទាំងករណីសង្ស័យត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងព្យាបាលយ៉ាងសកម្មនៅក្នុងមន្ទីរពេទ្យ។

រដ្ឋបាលជាតិទេសចរណ៍វៀតណាម (VNAT) បានប្រកាស និងណែនាំវិធានការទូទាំងប្រទេស ដើម្បីគ្រប់គ្រង និងធានាបាននូវការធ្វើដំណើរ និងសុខភាពដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរ។

នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលវៀតណាមបានប្រកាសជាផ្លូវការអំពីការរីករាលដាលនៃជំងឺនេះ និងបានអនុវត្តវិធានការបង្ការ និងគ្រប់គ្រងការរីករាលដាលដោយព្រមៗគ្នា។ រដ្ឋបាលជាតិទេសចរណ៍វៀតណាមក៏បានបញ្ជ្រាបទំព័រពិសេសមួយនៅលើគេហទំព័ររបស់ខ្លួននៅ www.vietnamtourism.gov.vn សម្រាប់ធ្វើបច្ចុប្បន្នភាពព័ត៌មាន រួមដំណើរ និងគាំទ្រដល់សហគ្រាសទេសចរណ៍ក្នុងការដាក់ចេញវិធានការនានា ដើម្បីធានាសុវត្ថិភាព និងសុខភាពសម្រាប់ភ្ញៀវទេសចរ។

ដោយមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការដោះស្រាយជាមួយជំងឺ SARS, MERS និងជំងឺរាតត្បាតផ្សេងទៀតនាពេលកន្លងមក ប្រទេសវៀតណាមមានប្រព័ន្ធត្រួតពិនិត្យសុខភាពដ៏ល្អ ដើម្បីគ្រប់គ្រង និងការពារការផ្ទុះឡើងថ្មីនៃជំងឺរលាកសួតនេះ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ប្រទេសវៀតណាមពីគ្រប់វិស័យ និងប្រជាពលរដ្ឋដែលពាក់ព័ន្ធ ជនជាតិចិនដែលផ្ទុកមេរោគចំនួន ២ នាក់ ត្រូវបានព្យាបាលជាសះស្បើយដោយជោគជ័យនៅក្នុងប្រទេសវៀតណាម ហើយស្ថានភាពគឺស្ថិតក្រោមការគ្រប់គ្រងយ៉ាងល្អ។ ប្រទេសវៀតណាមនៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ហើយជីវភាពរស់នៅប្រចាំថ្ងៃកំពុងប្រព្រឹត្តទៅជាធម្មតា។

រដ្ឋបាលជាតិទេសចរណ៍វៀតណាមជឿជាក់ថា ការរីករាលដាលនៃជំងឺនេះនឹងត្រូវបានទប់ស្កាត់ក្នុងពេលឆាប់ៗនេះ ហើយសកម្មភាពទេសចរណ៍ និងសហគមន៍នឹងត្រលប់មកសភាពធម្មតាវិញ។ VNAT សូមឆ្លៀតឱកាសនេះដើម្បីរំលឹកពីទម្លាប់អនាម័យសម្រាប់អ្នករាល់គ្នាក្នុងអំឡុងពេលរីករាយនឹងបទពិសោធន៍នៅក្នុងប្រទេសវៀតណាម។ យើងត្រៀមខ្លួនជាស្រេចក្នុងការជួយ និងភ្ជាប់ទំនាក់ទំនងជាមួយអាជ្ញាធរពាក់ព័ន្ធសម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងស្ថានភាព 2019-nCoV នៅក្នុងប្រទេសវៀតណាម។

NGUYEN TRUNG KHANH

ប្រធាន
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ រដ្ឋបាលជាតិទេសចរណ៍វៀតណាម
80 Quan Su Street, Hoan Kiem District, Ha Noi, Viet Nam
ទូរសព្ទ៖ +84-24-39423760