
លិខិតពីប្រធានរដ្ឋបាលជាតិទេសចរណ៍វៀតណាម ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០
ព័ត៌មានបច្ចុប្បន្នភាពអំពីសកម្មភាពបុរេសកម្មរបស់ទេសចរណ៍វៀតណាមក្នុងការគ្រប់គ្រងផលប៉ះពាល់នៃជំងឺវីរុសកូរ៉ូណា (COVID-19)
ជូនចំពោះមិត្តភក្តិទាំងអស់គ្នា,
ក្នុងនាមរដ្ឋបាលជាតិទេសចរណ៍វៀតណាម ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃប្រទេសវៀតណាម ខ្ញុំសូមជម្រាបជូនអ្នកគាំទ្រ ដៃគូអាជីវកម្ម និងមិត្តភក្តិទាំងអស់របស់យើងអំពីព័ត៌មានបច្ចុប្បន្នភាពចុងក្រោយបំផុត និងវិធានការជាក់ស្តែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការឆ្លើយតបទៅនឹងស្ថានភាពនៃការរីករាលដាលនៃជំងឺវីរុសកូរ៉ូណា (COVID-19)។
គិតត្រឹមម៉ោង ១០:០០ ព្រឹកថ្ងៃនេះ ប្រទេសវៀតណាមមានករណីវិជ្ជមានជំងឺ COVID-19 ចំនួន ១៥ ករណី ដែលក្នុងនោះមាន ៦ ករណីត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ អ្នកជំងឺទាំងនោះមកពីខេត្ត/ក្រុងចំនួន ៤ គឺ វិញភុក (Vinh Phuc) ទីក្រុងហូជីមិញ ថាញ់ហ្វា (Thanh Hoa) និងខាញ់ហ្វា (Khanh Hoa) ហើយភាគច្រើននៃពួកគេបានត្រឡប់មកពីទីក្រុងវូហាន (Wuhan)។ ការឆ្លងបន្តនៅក្នុងខេត្ត/ក្រុងទាំង ៤ ក្នុងចំណោម ៦៣ នៃប្រទេសវៀតណាម គឺជាសមាជិកគ្រួសារ ឬអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ។ ចាប់តាំងពីថ្ងៃដំបូងដែលជំងឺនេះត្រូវបានគេស្គាល់ រហូតដល់ការប្រកាសជាផ្លូវការអំពីការរីករាលដាលដោយរដ្ឋាភិបាលវៀតណាមនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ និងមកទល់ពេលនេះ ប្រទេសវៀតណាមបានគ្រប់គ្រងស្ថានភាពយ៉ាងល្អប្រសើរដោយការជំរុញការការពារការឆ្លង ព្រមទាំងការដាក់ឱ្យនៅដាច់ដោយឡែក និងការធ្វើចត្តាឡីស័កចំពោះប្រជាពលរដ្ឋវៀតណាមដែលមានប្រវត្តិធ្វើដំណើរទៅប្រទេសចិនក្នុងរយៈពេល ១៤ ថ្ងៃ និងអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ។ វិធានការព្យាបាល និងការការពារត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព ដូច្នេះហើយមិនមានការរីករាលដាលនៃជំងឺ COVID-19 នៅក្នុងសហគមន៍ក្នុងប្រទេសវៀតណាមទាល់តែសោះ។
បច្ចុប្បន្ននេះ តំបន់ទេសចរណ៍ រមណីយដ្ឋានបេតិកភណ្ឌ និងភោជនីយដ្ឋាននានានៅតែបើកទទួលភ្ញៀវទេសចរជាធម្មតា។ រដ្ឋបាលជាតិទេសចរណ៍វៀតណាមបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគ្រាសទេសចរណ៍ដើម្បីអនុវត្តវិធានការការពារ និងគ្រប់គ្រងការឆ្លងក្នុងគោលបំណងការពារភ្ញៀវទេសចរ។ តំបន់ទេសចរណ៍ជាច្រើនបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារការឆ្លងដោយការបាញ់ថ្នាំសម្លាប់មេរោគនៅនឹងកន្លែង ការចែកម៉ាសដោយឥតគិតថ្លៃ និងការលើកកម្ពស់ការផ្សព្វផ្សាយអំពីអនាម័យសម្រាប់ភ្ញៀវទេសចរ។
ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺនេះ វិស័យទេសចសរណ៍ត្រូវតែបំពេញការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាផ្នែកមួយដ៏សំខាន់នៃសង្គមទាំងមូល និងផ្តល់អាទិភាពដល់ប្រជាជន និងសុខុមាលភាពរបស់ពួកគេ។ ហេតុដូច្នេះហើយ ទើបយើងយល់ច្បាស់អំពីមូលហេតុដែលប្រទេសមួយចំនួនបានចេញសេចក្តីណែនាំព្រមានសម្រាប់ប្រជាពលរដ្ឋរបស់ពួកគេអំពីការធ្វើដំណើរទៅកាន់ប្រទេស និងដែនដីមួយចំនួននៅក្នុងតំបន់អាស៊ី ដែលមានករណីបញ្ជាក់ពីជំងឺ COVID-19 និងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃបន្ទាប់ពីធ្វើដំណើរទៅកាន់គោលដៅទាំងនោះ។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាលវៀតណាម និងវិធានការបង្ការសកម្មដែលកំពុងត្រូវបានអនុវត្តនៅគ្រប់ខេត្ត និងតំបន់ទេសចរណ៍ទាំងអស់ យើងសូមបញ្ជាក់ថា ភ្ញៀវទេសចរដែលមកកម្សាន្តនៅប្រទេសវៀតណាមនៅពេលនេះគឺមានសុវត្ថិភាព។
រដ្ឋបាលជាតិទេសចរណ៍វៀតណាមប្តេជ្ញាអមដំណើរជាមួយដៃគូរបស់យើងក្នុងគ្រប់កាលៈទេសៈទាំងអស់ ដើម្បីធានាបាននូវអ្វីដែលល្អបំផុតសម្រាប់ភ្ញៀវទេសចរ។ យើងនឹងបន្តធ្វើបច្ចុប្បន្នភាពព័ត៌មាន ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីជួយ និងភ្ជាប់ទំនាក់ទំនងជាមួយអាជ្ញាធរពាក់ព័ន្ធចំពោះការសាកសួរបន្ថែមទាក់ទងនឹងស្ថានភាពជំងឺ COVID-19 នៅក្នុងប្រទេសវៀតណាម។
NGUYEN TRUNG KHANH
ប្រធាន
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ រដ្ឋបាលជាតិទេសចរណ៍វៀតណាម
80 Quan Su Street, Hoan Kiem District, Ha Noi, Viet Nam
Tel: +84-24-39423760