Vietnam Tourism

  • កន្លែងសម្រាកលំហែកាយដ៏ល្អបំផុតរបស់វៀតណាមសម្រាប់គូស្នេហ៍

    រូបថតទាំងអស់ដោយ Christian Berg

យើងជឿជាក់ថា អ្នកមិនត្រូវការលេសពិសេសណាមួយដើម្បីទៅលំហែកាយជាមួយដៃគូរបស់អ្នកនោះទេ។ ប៉ុន្តែប្រសិនបើអ្នកកំពុងស្វែងរកលេសមួយ វៀតណាមមានអ្វីៗគ្រប់យ៉ាងសម្រាប់អ្នក។ វៀតណាមគឺជាគោលដៅទេសចរណ៍ដ៏គួរឱ្យទាក់ទាញ និងគួរឱ្យភ្ញាក់ផ្អើលសម្រាប់គូស្នេហ៍ ដែលពោរពេញទៅដោយវប្បធម៌ដ៏សម្បូរបែប អាហារគួរឱ្យចង់ញ៉ាំ និងទេសភាពចម្រុះ។ មិនថាអ្នកចង់ផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញបន្ទាប់ពីរដូវកាលដ៏មមាញឹក ប្រារព្ធពិធីអបអរសាទរខួបស្នេហា ឬធ្វើដំណើរផ្សងព្រេងភ្លាមៗនោះទេ វៀតណាមនឹងផ្តល់ឱ្យអ្នកនូវពេលវេលាដ៏មានតម្លៃសម្រាប់ចងចាំទៅថ្ងៃអនាគត។ ខាងក្រោមនេះជាគំនិតធ្វើដំណើរដ៏ល្អបំផុតសម្រាប់គូស្នេហ៍នៅក្នុងប្រទេសវៀតណាម។ 


ល្អបំផុតសម្រាប់មនោសញ្ចេតនាដ៏បរិសុទ្ធ៖ ការធ្វើដំណើរតាមកប៉ាល់កម្សាន្តនៅឈូងសមុទ្រតុងកឹង

ថ្ងៃឈប់សម្រាកដ៏រ៉ូមែនទិក ការធ្វើដំណើរទៅវៀតណាម

មានការនិយាយរៀបរាប់យ៉ាងច្រើនអំពីទេសភាពសមុទ្រដ៏គួរឱ្យចាប់អារម្មណ៍នេះនៅភាគខាងជើងប្រទេសវៀតណាម ហើយវាពិតជាមានហេតុផលសមរម្យ។ ឈូងសមុទ្រ Ha Long, Bai Tu Long និង Lan Ha មិនដែលធ្វើឱ្យអ្នកធុញទ្រាន់ឡើយ។ កំពង់ផែគឺចំណាយពេលបើកបរត្រឹមតែពីរម៉ោងប៉ុណ្ណោះពីព្រលានយន្តហោះក្នុងទីក្រុងហាណូយ។ នាំដៃគូរបស់អ្នកទៅរីករាយនឹងការធ្វើដំណើរតាមកប៉ាល់កម្សាន្តដ៏ប្រណីត ហើយចំណាយពេលរាប់ម៉ោងមើលភ្នំថ្មកំបោរអណ្តែតកាត់ ជិះទូកកាយ៉ាក់ជុំវិញភូមិបណ្តែតទឹក និងទស្សនាទេសភាពដ៏អស្ចារ្យពីលើដំបូលកប៉ាល់។ 

កន្លែងស្នាក់នៅ៖ Emperor Cruises មានដំណើរការដំណើរកម្សាន្តប្រណីតសម្រាកមួយយប់នៅក្នុងផ្នែកដែលមិនសូវមានគេទៅទស្សនានៃឈូងសមុទ្រតុងកឹង ដែលល្អឥតខ្ចោះសម្រាប់គូស្នេហ៍ដែលចង់បានភាពឯកជនដើម្បីគយគន់ទេសភាព។


ល្អបំផុតសម្រាប់អ្នកស្រឡាញ់ធម្មជាតិ៖ ការបោះតង់បែបស៊ីវិល័យក្បែរមាត់បឹងក្នុងខេត្ត Dak Lak

ថ្ងៃឈប់សម្រាកដ៏រ៉ូមែនទិកបំផុតសម្រាប់គូស្នេហ៍ ទេសចរណ៍វៀតណាម

មិនសូវមានអ្នកទេសចរច្រើនទេដែលទៅកម្សាន្តនៅខេត្តភាគកណ្តាលនៃ Dak Lak នេះមានន័យថាគូស្នេហ៍ដែលឱ្យតម្លៃទៅលើភាពស្ងប់ស្ងាត់នឹងស្វែងរកវាឃើញនៅទីនេះ។ Dak Lak ត្រូវបានគេស្គាល់ថាជាកន្លែងសំបូរទៅដោយទឹកធ្លាក់ដ៏ខ្លាំងក្លា ចម្ការកាហ្វេ និងភូមិជនជាតិភាគតិច។ បឹង Lak ដ៏ធំល្វឹងល្វើយគឺល្អបំផុតសម្រាប់ការជិះទូកកាយ៉ាក់ ឬជិះទូកលេង ហើយ ដំណើរកម្សាន្តមើលដំរីបែបអភិរក្ស ដំបូងបង្អស់របស់វៀតណាមឥឡូវនេះត្រូវបានបើកនៅក្នុងឧទ្យានជាតិ Yok Don ដែលជាកន្លែងដែលអ្នកអាចចំណាយពេលមួយថ្ងៃដើម្បីមើលបក្សី និងដើរលេងក្នុងព្រៃ។ 

កន្លែងស្នាក់នៅ៖ សម្រាកនៅ Lak Tented Camp។ តង់នីមួយៗគឺជាក្តីស្រមៃរបស់អ្នករុករក ដែលមានភាពប្រណីត ប៉ុន្តែផ្តល់នូវអារម្មណ៍នឹករលឹកពីអតីតកាល ជាមួយនឹងរានហាលឈើដែលត្រូវបានរៀបចំឡើងដើម្បីទទួលបានខ្យល់បក់ពីបឹង។ ទទួលទានអាហារពេលព្រឹកនៅលើទឹក បន្ទាប់មកជិះកង់ដើម្បីស្វែងយល់ពីភូមិជនជាតិភាគតិចដែលនៅក្បែរនោះ។


ល្អបំផុតសម្រាប់ការសម្រាកពីបច្ចេកវិទ្យា៖ ការលំហែកាយនៅលើកោះក្នុងតំបន់ Con Dao

ថ្ងៃឈប់សម្រាកដ៏រ៉ូមែនទិកបំផុត ទេសចរណ៍វៀតណាម
ទោះបីជាមានអារម្មណ៍ថាស្ថិតនៅឆ្ងាយដាច់ស្រយាលក៏ដោយ ក៏កោះ Con Dao គឺចំណាយពេលហោះហើរត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះពីទីក្រុងហូជីមិញ។ ហ៊ុមព័ទ្ធទៅដោយឆ្នេរខ្សាច់ដែលមានខ្យល់បក់ល្វើយៗ និងគ្របដណ្តប់ដោយព្រៃទឹកភ្លៀងតំបន់ត្រូពិក ចង្វាក់ជីវិតដ៏យឺតៗ និងបរិយាកាសទីប្រជុំជនតូចមួយរបស់ Con Dao គឺល្អឥតខ្ចោះសម្រាប់ការលំហែកាយដោយគ្មានភាពតានតឹង។ ចូលរួមដំណើរកម្សាន្តមុជទឹកមើលផ្កាថ្មនៅលើកោះនានាក្នុងប្រជុំកោះ ជិះកង់ជុំវិញដងផ្លូវដែលមានម្លប់ឈើត្រឈឹងត្រឈៃ ឬគ្រាន់តែសម្រាកនៅលើឆ្នេរខ្សាច់ដោយមិនបាច់ធ្វើអ្វីទាំងអស់។

កន្លែងស្នាក់នៅ៖ Six Senses Con Dao គឺជារមណីយដ្ឋានលំដាប់ផ្កាយប្រាំតែមួយគត់នៅលើកោះនេះ ហើយផ្ទះបឹងហ្គាឡូឈើជាប់ឆ្នេរដ៏ស្ងប់ស្ងាត់ និងវីឡាស្ប៉ាបែរមុខទៅរកសមុទ្រ គឺជាទីជម្រកដ៏មានសេចក្តីសុខបំផុត។


ល្អបំផុតសម្រាប់វប្បធម៌ក្នុងស្រុក៖ ការស្នាក់នៅផ្ទះប្រជាជនក្នុងស្រុកក្នុងតំបន់ដីសណ្តទន្លេមេគង្គ

ថ្ងៃឈប់សម្រាកដ៏រ៉ូមែនទិក ទេសចរណ៍វៀតណាម

តំបន់ ដីសណ្តទន្លេមេគង្គ គឺជាអ្វីដែលមនុស្សភាគច្រើននឹកឃើញដល់នៅពេលពួកគេគិតពីប្រទេសវៀតណាម។ ផ្នែកនៃប្រទេសមួយនេះគឺពោរពេញទៅដោយទិដ្ឋភាពប្លែកៗ៖ ផ្សារទឹកដ៏អ៊ូអរ កុមារជិះកង់ ទូកសំប៉ានតូចៗអណ្តែតតាមប្រឡាយដែលមានដើមឈើត្រឈឹងត្រឈៃ វាលស្រែដែលចាំងពន្លឺថ្ងៃ និងវត្តអារាមដ៏ស្រស់ស្អាត។ តំបន់ជុំវិញ Chau Doc, Cai Be និង Can Tho គឺពិតជាមានភាពទាក់ទាញខ្លាំងណាស់។ នៅទីនេះ ជីវិតរស់នៅប្រព្រឹត្តទៅយ៉ាងមានសន្តិភាពក្រោមម្លប់ឈើហូបផ្លែ ហើយអាហារតែងតែស្រស់ៗ និងមានជីវជាតិជានិច្ច។ ក្រោកពីព្រលឹម ហើយជិះទូកទៅកាន់ផ្សារទឹកដែលនៅជិតបំផុត ដើម្បីភ្លក្សរសជាតិគុយទាវ hủ tiếu មួយចានដែលមិនអាចបំភ្លេចបាន។

កន្លែងស្នាក់នៅ៖ ហ៊ុមព័ទ្ធទៅដោយសួនផ្កា និងស្រះទឹក Mekong Rustic បានបង្កើតបឹងហ្គាឡូដ៏ស្រស់ស្អាតពីធម្មជាតិទាំងស្រុងនៅខាងក្រៅតំបន់ Cai Be និង Can Tho។ ចូលរួមដំណើរកម្សាន្តផ្អែកលើសហគមន៍ដើម្បីស្វែងយល់បន្ថែមអំពីជីវិតក្នុងស្រុកនៅក្នុងតំបន់នេះ និងបង្កើតមិត្តភាពជាមួយម្ចាស់ផ្ទះរបស់អ្នកតាមរយៈការជជែកគ្នាលេងពិសាតែ និងផ្លែឈើ។ 


ល្អបំផុតសម្រាប់អ្នកចូលចិត្តការសម្រាកលំហែកាយ៖ ការសម្រាកលំហែនៅឆ្នេរសមុទ្រក្នុងតំបន់ Cam Ranh

រមណីយដ្ឋានល្អបំផុតនៅ cam ranh

កាំរ៉ាញ (Cam Ranh) នៅតែមិនសូវមានភ្ញៀវទេសចរស្គាល់ច្រើននៅឡើយទេ ប៉ុន្តែជាមួយនឹងព្រលានយន្តហោះដ៏ល្អឥតខ្ចោះ និងឆ្នេរសមុទ្រដ៏ស្អាតបំផុតមួយចំនួននៅក្នុងប្រទេសវៀតណាម វានឹងផ្លាស់ប្តូរជាក់ជាមិនខាន។ សម្រាប់ពេលនេះ វាមានភាពងាយស្រួលក្នុងការគេចខ្លួនទៅកាន់ផ្នែកដ៏ស្ងប់ស្ងាត់នៃភាគកណ្តាលវៀតណាមនេះ ដែលជាកន្លែងមានឆ្នេរខ្សាច់វែង (វែងខ្លាំង!) ទូកនេសាទដែលកំពុងអណ្តែត និងដើមដូងបក់រវិចៗជាទិដ្ឋភាពទូទៅ។ រីសតលំដាប់ផ្កាយប្រាំថ្មីៗមួយចំនួនធ្វើឱ្យការសម្រាកលំហែកាយនៅកាំរ៉ាញកាន់តែគួរឱ្យទាក់ទាញសម្រាប់គូស្នេហ៍។ កក់វីឡាឯកជនដែលមានអាងហែលទឹកផ្ទាល់ខ្លួន ទទួលទានគ្រឿងសមុទ្រស្រស់ៗដែលទើបតែចាប់បានថ្មីៗ ហើយបណ្តោយឱ្យភាពតានតឹងរបស់អ្នករលាយបាត់ទៅនៅក្រោមពន្លឺថ្ងៃនៃតំបន់ត្រូពិច។

កន្លែងស្នាក់នៅ: រីសតប្រណីតដែលមានរចនាបថវៀតណាមដ៏ប្លែកពីគេ The Anam ផ្គាប់ចិត្តភ្ញៀវជាមួយនឹងសួនច្បារដ៏ស្រស់ស្អាត និងអាងហែលទឹកដ៏អស្ចារ្យ។ ចំណាយលើវីឡាមើលឃើញទិដ្ឋភាពសមុទ្រ (Seaview Villa) ដើម្បីចូលទៅកាន់មាត់ទឹកដោយផ្ទាល់ និងចំណាយពេលវេលាដ៏មានតម្លៃសម្រាកលំហែកាយនៅលើ patio ចូលស្ប៉ា ឬដើរលេងនៅលើឆ្នេរខ្សាច់។


ល្អបំផុតសម្រាប់អ្នកចូលចិត្តផ្សងព្រេង៖ ការដើរល្អាងភ្នំនៅ Phong Nha

ថ្ងៃឈប់សម្រាកដ៏រ៉ូមែនទិក ទេសចរណ៍វៀតណាម

ការវារ ការលុយទឹក និងការឡើងភ្នំកាត់តាមល្អាងងងឹត ប្រហែលជាមិនមែនជាគំនិតនៃវិស្សមកាលដ៏រ៉ូមែនទិករបស់មនុស្សគ្រប់គ្នានោះទេ ប៉ុន្តែសម្រាប់អ្នកចូលចិត្តផ្សងព្រេង Phong Nha ផ្តល់នូវ ដំណើរកម្សាន្តដ៏អស្ចារ្យមួយជីវិតមានតែម្តង។ ហេតុអ្វីមិនចែករំលែករាល់ទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើល និងពេលវេលាដ៏មានន័យជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក? ដំណើរកម្សាន្តរយៈពេលច្រើនថ្ងៃនឹងធ្វើឱ្យអ្នកលូនវារកាត់ផ្លូវរូងក្រោមដី និងហែលទឹកក្នុងអាងថ្មនៅពេលថ្ងៃ ហើយបោះជំរុំនៅក្បែរទន្លេ និងនៅក្នុងជម្រកនៃល្អាងភ្នំដ៏ធំនៅពេលយប់។

កន្លែងស្នាក់នៅ៖ កក់បទពិសោធន៍ Phong Nha របស់អ្នកជាមួយ Oxalis ដែលជាភ្នាក់ងារដ៏ល្បីល្បាញដំណើរការដំណើរកម្សាន្តទៅកាន់ល្អាងភ្នំធំៗនៅក្នុងតំបន់ Phong Nha។ បទពិសោធន៍ល្អាងភ្នំ Tu Lan រយៈពេលបួនថ្ងៃរបស់ពួកគេ គឺជាបទពិសោធន៍ដ៏អស្ចារ្យដែលមិនអាចបំភ្លេចបាន។


ល្អបំផុតសម្រាប់អ្នកចូលចិត្តញ៉ាំ៖ ចុងសប្តាហ៍នៅទីក្រុងហូជីមិញ

វិស្សមកាលសម្រាប់ពីរនាក់ ទេសចរណ៍វៀតណាម

ប្រសិនបើម្ហូបអាហារជាហេតុផលចម្បងរបស់អ្នកសម្រាប់ការធ្វើដំណើរ សូមចំណាយពេលពីរបីថ្ងៃដើម្បីស្វែងយល់ពីវិស័យធ្វើម្ហូបដ៏អស្ចារ្យ និងហាងកាហ្វេឡូយៗនៅក្នុងទីក្រុងហូជីមិញ។ ពង្រីករសជាតិរបស់អ្នកជាមួយនឹងមុខម្ហូបភាគខាងត្បូងដូចជា cơm tấm — ដែលជាអាហារពេលព្រឹកក្នុងស្រុកដ៏ពេញនិយម ដើរតាមគន្លងរបស់លោក Anthony Bourdain ទៅកាន់ហាងគុយទាវក្តៅៗរបស់ Lunch Lady និងរីករាយជាមួយការដើរលេងពេលល្ងាចដ៏រំភើបនៅ Anan Saigon ដោយសាកល្បងស្រាវ៉ូមវូដ (wormwood) និងអាហារតាមចិញ្ចើមថ្នល់ដែលកែច្នៃថ្មីដូចជា banh xeo tacos។

កន្លែងស្នាក់នៅ៖ គូស្នេហ៍ពិតជាពេញចិត្តនឹង Hotel des Arts ដែលជាសណ្ឋាគារដ៏ស្រស់ស្អាតដូចប្រអប់គ្រឿងអលង្ការ ដែលមានបន្ទប់យ៉ាងប្រណីតមើលទៅឃើញចុងឈើនៃខណ្ឌទី 3 បូករួមទាំងបារលើដំបូល (rooftop bar) ដ៏ទាន់សម័យបំផុតមួយនៅក្នុងទីក្រុង។


ល្អបំផុតសម្រាប់អាកាសធាតុត្រជាក់ស្រួល៖ ការសម្រាកលំហែកាយតាមជម្រាលភ្នំនៅដាឡាត់ (Da Lat)

វិស្សមកាលសម្រាប់ពីរនាក់ ទេសចរណ៍វៀតណាម

នៅក្នុងប្រទេសវៀតណាម ឈ្មោះ Da Lat ឥឡូវនេះគឺតំណាងឱ្យភាពរ៉ូមែនទិក។ មេឃស្រឡះនាដូវផ្ការីក ព្រៃស្រល់បក់រវិចៗ និងភូមិគ្រឹះបែបបារាំង art deco ធ្វើឱ្យដាឡាត់ក្លាយជាកន្លែងសម្រាកលំហែកាយដ៏ពេញនិយមសម្រាប់គូស្នេហ៍។ កសិដ្ឋានផ្កាដ៏ស្រស់ស្អាតរបស់ដាឡាត់ពិតជាស័ក្តិសមសម្រាប់ការថតរូបបង្ហោះ Instagram ដូចគ្នានឹងបឹងដ៏ស្ងប់ស្ងាត់ និងហាងកាហ្វេលាក់ខ្លួនរបស់វាដែរ។ ដើរបណ្តើរគ្នាយ៉ាងស្និទ្ធស្នាលជុំវិញបឹង Xuyen Huong ឈប់សម្រាកផឹកតែគយគន់ទេសភាព និងទទួលទានអាហារដែលធ្វើពីកសិផលដ៏ស្រស់ស្អាតពីកសិដ្ឋាន និងទន្លេនៅតំបន់ខ្ពង់រាបរបស់ដាឡាត់។

កន្លែងស្នាក់នៅ៖ ផ្គាប់ចិត្តដៃគូរបស់អ្នកនៅ Ana Mandara Dalat ដែលជាបណ្តុំវីឡាបារាំងដែលត្រូវបានជួសជុលឡើងវិញស្ថិតនៅលើកូនភ្នំគ្របដណ្តប់ដោយស្រល់។ រីករាយជាមួយពេលវេលាដ៏មានតម្លៃនៅក្នុងអាងហែលទឹកក្រៅផ្ទះដែលមានកម្តៅឧណ្ហៗ និងឱបគ្នាយ៉ាងកក់ក្តៅនៅក្នុងវីឡាដែលបំពាក់ដោយគ្រែមានដំបូល អាងងូតទឹកមានជើងទម្រ និងចង្ក្រានកំដៅ។


ចង់បានគំនិតធ្វើដំណើរកម្សាន្តនៅវៀតណាមបន្ថែមទៀតទេ? ចុះឈ្មោះសម្រាប់ព្រឹត្តិបត្រព័ត៌មានរបស់យើង ដើម្បីទទួលបានរឿងរ៉ាវល្អៗបំផុតរបស់យើងនៅក្នុងប្រអប់សំបុត្ររបស់អ្នក។