
ទីក្រុងហាណូយ ប្រទេសវៀតណាម - ដោយមើលឃើញពីការរីករាលដាលជាសកលជាបន្តបន្ទាប់នៃវីរុសកូរ៉ូណាប្រភេទថ្មី និងបន្ទាប់ពីការពិភាក្សាជាបន្តបន្ទាប់ជាមួយក្រុមហ៊ុន Formula One World Championship Ltd – ដែលជាម្ចាស់រក្សាសិទ្ធិ និងអាជ្ញាប័ណ្ណសម្រាប់ Formular 1 (Formula 1) – ព្រមទាំងសហព័ន្ធកីឡាយានយន្តអន្តរជាតិ (FIA) & គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ សមាគមកីឡាយានយន្តវៀតណាម (VMA) និងក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Vietnam Grand Prix (VGPC) មានការសោកស្តាយក្នុងការប្រកាសពីការពន្យារពេលនៃការប្រណាំងរថយន្ត Formula 1 VinFast Vietnam Grand Prix 2020 តាមកាលវិភាគដែលបានកំណត់។
ដោយគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣ ដល់ទី ៥ ខែមេសា ការសម្រេចចិត្តពន្យារពេលនេះធ្វើឡើងបន្ទាប់ពីមានការពិចារណាយ៉ាងម៉ត់ចត់អំពីស្ថានភាពវីរុសកូរ៉ូណាដែលកំពុងបន្ត និងវិវត្ត ព្រមទាំងបន្ទាប់ពីការប្រកាសនាពេលថ្មីៗនេះរបស់អង្គការសុខភាពពិភពលោក (WHO) អំពីការផ្ទុះឡើងនេះជាជំងឺរាតត្បាតសកល និងធ្វើតាមការណែនាំពីអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលការបារម្ភរួមគ្នាគឺសុខភាព និងសុខុមាលភាពរបស់ប្រជាជនវៀតណាម ក៏ដូចជាអ្នកគាំទ្រ Formula 1 បុគ្គលិក និងអ្នកចូលរួមការប្រកួតដែលធ្វើដំណើរមក។ នេះគឺជាការសម្រេចចិត្តដ៏លំបាកបំផុតមួយ ជាពិសេសនៅពេលដែលការរៀបចំសម្រាប់ទីក្រុងហាណូយក្នុងការចូលរួមព្រឹត្តិការណ៍កីឡាដ៏មានកិត្យានុភាពបំផុតរបស់ពិភពលោក ជាមួយនឹងទីលានប្រណាំង Formula 1 លំដាប់ពិភពលោកដ៏ទំនើប ទើបតែឈានចូលដល់ដំណាក់កាលចុងក្រោយ។
VGPC នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ Formula 1, FIA, គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និង VMA ដើម្បីតាមដានស្ថានភាព ហើយនឹងស្វែងរកការប្រកាសកាលបរិច្ឆេទជំនួសវិញ ព្រមទាំងផ្តល់ការធ្វើបច្ចុប្បន្នភាពបន្ថែមទៀតសម្រាប់អ្នកទិញសំបុត្រ ម្ចាស់ឧបត្ថម្ភ និងដៃគូរបស់យើងក្នុងពេលសមស្រប។
យើងខ្ញុំសូមផ្ញើការគិតគូរ និងក្តីបារម្ភទៅកាន់អស់អ្នកដែលរងផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលពីស្ថានភាពវីរុសកូរ៉ូណានាពេលបច្ចុប្បន្ន ក៏ដូចជាអ្នកដែលការប្រកាសនេះនឹងនាំមកនូវការខកចិត្ត ខណៈដែលពួកគេទន្ទឹងរង់ចាំការប្រណាំងសម្ពោធដ៏រំភើបនៅក្នុងប្រទេសវៀតណាម។
ក្នុងពេលនេះ យើងខ្ញុំសូមថ្លែងអំណរគុណដល់អ្នកគាំទ្រ អតិថិជន និងអ្នកស្នេហាវិស័យនេះទាំងអស់សម្រាប់ការយោគយល់ ហើយសង្ឃឹមថានឹងស្វាគមន៍អ្នកមកកាន់ទីលានប្រណាំង Hanoi Circuit ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។
សូមចូលទៅកាន់ គេហទំព័រផ្លូវការ របស់ Vietnam Grand Prix សម្រាប់ព័ត៌មានបន្ថែម។