Vietnam Tourism

  • ទីក្រុងប្លែកៗចំនួន ៥ នៅតំបន់ដីសណ្ដទន្លេមេគង្គ

    រូបថតទាំងអស់ដោយ Christian Berg

គ្មានអ្នកទេសចរណាដែលមានស្មារតីល្អនឹងរំលងតំបន់ដីសណ្ដទន្លេមេគង្គរបស់វៀតណាមនោះទេ។ បណ្ដុំទីក្រុងដែលមានពណ៌ស្រស់ឆើតឆាយដែលនៅរាយប៉ាយតាមដងទន្លេមេគង្គ គឺទទួលបាននូវមេឃពណ៌ខៀវស្រឡះ ផ្លែឈើប្លែកៗជាច្រើនប្រភេទ និងពោរពេញទៅដោយផ្សារ វត្តអារាម និងវិមាននាសម័យអាណានិគម។ វាជាទីកន្លែងសម្រាប់សម្រាកនៅលើអង្រឹង ឬបណ្ដែតខ្លួនតាមខ្សែទឹកលើទូកសំពាន។ វាជាកន្លែងដែលអ្នកនឹងទទួលបាននូវអាហារដែលមិនអាចបំភ្លេចបានបំផុតនៅក្នុងប្រទេសវៀតណាម។ ហើយជាការពិតណាស់ វាក៏ជាកន្លែងដែលអ្នកនឹងបានជួបជាមួយប្រជាជនវៀតណាមដែលរួសរាយរាក់ទាក់បំផុត ព្រមទាំងជនជាតិភាគតិចដែលបានបង្កើតផ្ទះសម្បែងរបស់ពួកគេនៅលើទឹកផងដែរ។ ខាងក្រោមនេះជាគោលដៅទេសចរណ៍ចំនួនប្រាំនៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គសម្រាប់អ្នករុករកសម័យទំនើប។


កឹងធើ

កឹងធើ ដីសណ្ដទន្លេមេគង្គ

កឹងធើ គឺជាចំណុចចាប់ផ្តើមដ៏ល្អសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់អ្នកទៅកាន់តំបន់ដីសណ្ដ។ នៅទីនេះ អ្នកនឹងទទួលបាននូវរសជាតិពិតនៃជីវិតនៅតំបន់ដីសណ្ដ៖ ពេលវេលានៅលើ ឬក្បែរទឹក បរិយាកាសធូរស្រាល និងអាហារគួរឱ្យចង់ញ៉ាំ។ តាមពិតទៅ កឹងធើ គឺជាទីក្រុងធំមួយ ដែលជាទីក្រុងធំជាងគេលំដាប់ទីបួននៅក្នុងប្រទេសវៀតណាម ប៉ុន្តែវាផ្តល់អារម្មណ៍ធូរស្រាល។ ធ្វើដំណើរទេសចរណ៍ខ្លីៗតាមម៉ូតូ ដើម្បីទស្សនាដីកោះនានានៅជុំវិញនោះ។ នៅក្រោមម្លប់ដើមចេក និងដើមត្របែក អ្នកនឹងឆ្លងកាត់ស្រះចិញ្ចឹមត្រី ចំការផ្លែឈើ និងប្រឡាយទឹក។ កឹងធើ ត្រូវបានហ៊ុមព័ទ្ធដោយប្រព័ន្ធប្រឡាយដ៏ស្ងប់ស្ងាត់។ ដោយចំណាយថ្លៃសេវាបន្តិចបន្តួច អ្នកអាចជួលទូកចែវរយៈពេលពីរបីម៉ោងដើម្បីទស្សនាផ្លូវទឹកទាំងនេះ ដោយឈប់នៅកន្លែងសិប្បកម្មតូចៗដើម្បីមើលពីរបៀបធ្វើនំបាញ់ត្រាង និងនំបញ្ចុកដោយដៃ។ សណ្ឋាគារបែបជនបទ និងផ្ទះស្នាក់ (homestays) ជាច្រើននៅក្នុងទីក្រុងកឹងធើ មានផ្តល់ជូនបន្ទប់ដែលអ្នកអាចសម្រាកលំហែកាយជាមួយនឹងទិដ្ឋភាពទឹកដ៏ស្រស់ត្រកាល។

រឿងដែលត្រូវធ្វើនៅតំបន់ដីសណ្ដទន្លេមេគង្គ

ជាការពិតណាស់ មនុស្សជាច្រើនមកកាន់ទីក្រុងកឹងធើ ដើម្បីទស្សនាផ្សារទឹកកៃរ៉ាំង។ ផ្សារនេះគឺជាទិដ្ឋភាពដ៏ទាក់ទាញនៃពណ៌សម្បុរ និងសកម្មភាពនានាដែលចាប់ផ្តើមនៅម៉ោងប្រហែលប្រាំព្រឹក។ ត្រូវប្រាកដថាអ្នកនៅលើទូកឱ្យបានមុនម៉ោង ៦ ព្រឹក ដើម្បីអាចមើលអ័ព្ទបណ្ដែតលើផ្ទៃទឹក និងទស្សនាសកម្មភាពផ្សារក្នុងអំឡុងពេលមមាញឹកបំផុត។ ដោយផ្ទុកទៅដោយផ្លែឈើស្រស់ៗពីចំការ ទូកគ្រប់ទំហំធ្វើអាជីវកម្មនៅលើទន្លេដែលមានពណ៌ដូចស្ករត្នោត។ ផ្លែក្រូចថ្លុង ម្នាស់ និងធុរេន ត្រូវបានជួញដូរជាបាវៗពីទូកមួយទៅទូកមួយ។ ទូកចែវតូចៗធ្វើដំណើរចន្លោះទូកធំៗ លក់កាហ្វេ អាហារសម្រន់ និងគុយទាវ។ ចូលទៅជិតអ្នកលក់គុយទាវ (hu tieu) សម្រាប់អាហារពេលព្រឹកដ៏ល្អបំផុតនៅក្នុងទីក្រុងកឹងធើ៖ គុយទាវក្តៅៗមួយចាន ជាមួយសាច់ជ្រូកហាន់ស្តើងៗ និងបន្លែក្រអូប។

គន្លឹះ៖ ប្រសិនបើអ្នកចូលចិត្តផ្សារទឹក សូមសួរស្វែងយល់ពីសណ្ឋាគាររបស់អ្នកអំពីផ្សារទឹកតូចៗនៅជុំវិញទីក្រុងកឹងធើ ដែលអ្នកអាចមើលឃើញផ្លែឈើដែលលក់ដោយកសិករយ៉ាងជិតស្និទ្ធ។


កៃបេ

ទេសចរណ៍កៃបេ

មិនមានអ្នកទេសចរច្រើនទេដែលមកកាន់ កៃបេ ប៉ុន្តែប្រហែលជាជាហេតុផលដែលធ្វើឱ្យទីក្រុងតូចមួយនេះមានអារម្មណ៍ថាងាយស្រួលចូលទៅជិត និងមានលក្ខណៈដើមពិតៗ។ តារាឆ្នើមនៃស្រុកកៃបេ គឺកោះតាន់ផុង (Tan Phong) ដែលជាដីកោះដ៏មានជីវជាតិហ៊ុមព័ទ្ធដោយទន្លេទៀនផុង (Tien Phong)។ ការជិះទូកដរគឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃនៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គ ហើយអ្នកនឹងត្រូវជិះទូកដររយៈពេលខ្លី ប៉ុន្តែគួរឱ្យចាប់អារម្មណ៍ដើម្បីទៅដល់ដីកោះនេះ។ កោះតាន់ផុង ត្រូវបានខ្វាត់ខ្វែងដោយប្រឡាយទឹក និងដាំដុះដោយដើមឈើហូបផ្លែ។ អ្នកស្រុកភាគច្រើននៅទីនេះជាកសិករ ដែលថែទាំដើមសាវម៉ាវ មង្ឃុត និងដើមឈើហូបផ្លែតំបន់ក្តៅផ្សេងទៀតនៅក្នុងដីជុំវិញផ្ទះរបស់ពួកគេ។ វិធីល្អបំផុតដើម្បីទស្សនាកោះនេះគឺជិះទូកសំពាន ឬជិះកង់តាមផ្លូវតូចចង្អៀត។ អ្នកនឹងឃើញខ្លួនឯងលិចលង់ក្នុងចំណោមស្លឹកឈើ និងផ្ការីកស្គុះស្គាយ ហើយបានឃើញផ្ទាល់ភ្នែកពីរបៀបដែលអ្នកស្រុករស់នៅក្នុងតំបន់នេះនៃប្រទេសវៀតណាម។

មគ្គុទ្ទេសក៍ដីសណ្ដទន្លេមេគង្គ

ត្រឡប់មកដីគោកវិញ ផ្សារនានាក្នុងទីក្រុងកៃបេ ចាប់ផ្តើមមមាញឹកខ្លាំងនៅពេលព្រលឹមស្រាងៗ។ កុមារៗជិះកង់ទៅសាលារៀន ពន្លឺព្រះអាទិត្យចាំងឆ្លុះលើផ្ទៃទឹកនៅកន្លែងឆ្លងទូកដរ ហើយទង់ជាតិនៃព្រះវិហារកៃបេ បក់រវិចៗតាមខ្យល់ទន្លេ។ ធ្វើដំណើរតាមកង់ដើម្បីទៅមើលវិហារកៅដាយ (Cao Dai) និងរុករកផ្សារដោយខ្លួនឯង។ ប្រសិនបើអ្នកមិនដឹងថាត្រូវធ្វើអ្វីបន្ត ផ្លូវដ៏ល្អបំផុតដែលអ្នកអាចធ្វើបាននៅកៃបេគឺការទទួលទានអាហារ។ ញ៉ាំស្ករគ្រាប់ខ្ញីជាមួយសណ្តែកដី ញ៉ាំនំប៉័ង (banh mi) ស្រួយៗជាមួយទឹកម្ទេស ញ៉ាំនំបញ្ចុក (banh canh) ក្នុងទឹកស៊ុបត្រី និងញ៉ាំផ្លែឈើទើបតែបេះថ្មីៗដែលគេផ្តល់ឱ្យអ្នក។ ប្រសិនបើអ្នកត្រូវការ អ្នកតែងតែអាចសម្រាកលំហែកាយនៅលើអង្រឹងបន្ទាប់ពីនោះ ព្រោះវាជាអ្វីដែលប្រជាជនវៀតណាមតែងតែធ្វើ!


ចៅដុក

ទេសចរណ៍ចៅដុក

ចៅដុក គឺជាទីក្រុងព្រំដែនដែលមានឥទ្ធិពលចម្រុះ និងទេសភាព សំឡេង ព្រមទាំងក្លិនក្រអូបដ៏អស្ចារ្យនៃទីក្រុងព្រំដែន។ ទន្លេហៅ (Hau) ដែលពេលខ្លះហៅថា ទន្លេបាសាក់ (Bassac) ហូរចំពីមុខទីក្រុង។ ទូកតាមដងទន្លេនាំយកកសិផលពីចម្ងាយមកលក់នៅផ្សារដ៏ធំទូលាយរបស់ទីក្រុងចៅដុក។ ផ្សារនេះគឺជាការលាយឡំនៃពាណិជ្ជកម្មពហុវប្បធម៌។ នៅក្នុងផ្សារលក់គ្រឿងសើម ផ្កា ប្រហុក ផ្លែត្នោត និងអម្ពិល គឺជាមុខទំនិញលក់ដាច់បំផុត។ នៅកន្លែងផ្សេងទៀត ផ្ទះល្វែងដែលមានផ្លាកសញ្ញាគូរយ៉ាងហ្មត់ចត់ លក់ដូរគ្រប់បែបយ៉ាងចាប់ពីមាស រហូតដល់ស្បែកជើងផ្ទាត់ជ័រ។ ចិញ្ចើមផ្លូវខាងក្រៅផ្សារគឺជាកន្លែងដែលអ្នកនឹងរកឃើញនំបញ្ចុកស៊ុបត្រី (bun ca) តាមបែបចៅដុកដ៏ល្អបំផុត។ ទឹកស៊ុបនំបញ្ចុកពណ៌លឿងល្មៀតនេះ ត្រូវបានធ្វើឡើងដោយខ្ទឹមស និងប្រហុក ត្រីទន្លេ នំបញ្ចុកស្រស់ ត្រយូងចេក សណ្តែកបណ្តុះ និងផ្កាស្នោ (điên điển) ស្រួយៗ។ វាជាអាហារដែលមានតុល្យភាពយ៉ាងល្អឥតខ្ចោះ ដែលមានតែការធ្វើឡើងតាមរបៀបនេះនៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គប៉ុណ្ណោះ។

មគ្គុទ្ទេសក៍ទេសចរណ៍តំបន់ដីសណ្ដទន្លេមេគង្គ

ប្រសិនបើអ្នកចង់ឃើញទិដ្ឋភាពពិតៗនៃជីវភាពរស់នៅយ៉ាងជ្រៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គ ទីក្រុងចៅដុក (Chau Doc) គឺជាឧទាហរណ៍ដ៏ល្អឥតខ្ចោះមួយ។ ជាច្រើនឆ្នាំមកនេះ សហគមន៍ជនជាតិចាម ខ្មែរ គីញ (វៀតណាម) និងចិន បានរស់នៅលាយឡំគ្នាដោយសន្តិភាពនៅក្នុងតំបន់នេះ។ ជនជាតិចាមគោរពបូជានៅវិហារឥស្លាមដែលត្រូវបានលាបពណ៌យ៉ាងប្រណីតនៅលើកោះតូចៗ ហើយជនជាតិខ្មែរ និងវៀតណាមតែងតែទៅវត្តអារាមព្រះពុទ្ធសាសនានៅលើភ្នំសក្ការៈបូជា ភ្នំសាម (Nui Sam)។ វិហារដែលលេចធ្លោ និងមមាញឹកបំផុតរបស់ចៅដុក គឺវិហារ Ba Chua Xu។ ជារៀងរាល់ខែមេសា ពិធីបុណ្យរយៈពេលបីថ្ងៃទាក់ទាញអ្នកធ្វើសក្ការៈបូជារាប់ពាន់នាក់មកកាន់វិហារ Ba Chua Xu ប៉ុន្តែនៅថ្ងៃធម្មតា វិហារនេះក៏មានភាពអ៊ូអរដោយសារអ្នកមានជំនឿមកថ្វាយជ្រូកខ្វាយទាំងមូល ផ្លែឈើដែលរៀបចំជាពីរ៉ាមីត ផ្កាឈូក និងក្រអូបឈ្ងុយឈ្ងប់ដោយក្លិនធូប និងទៀន។ ផ្ទុយទៅវិញ វត្ត Chua Hang (វត្តរូងភ្នំ) គឺជាកន្លែងព្រះពុទ្ធសាសនាដ៏ស្ងប់ស្ងាត់មួយ ដែលស្ថិតនៅលើចង្កេះភ្នំ។ ពីផ្នែកខាងលើ អ្នកនឹងទទួលបាននូវទិដ្ឋភាពដ៏ស្រស់ស្អាតនៃវាលស្រែដែលលាតសន្ធឹងទៅដល់ជួរភ្នំក្នុងប្រទេសកម្ពុជា។


Sa Dec

ទីក្រុងនានានៅតំបន់ដីសណ្ដទន្លេមេគង្គ

ឈ្មោះ ‘Sa Dec’ មានអត្ថន័យរ៉ូមែនទិកសម្រាប់ភ្ញៀវទេសចរជាច្រើន។ យ៉ាងណាមិញ នេះជាកន្លែងដែលអ្នកនិពន្ធជនជាតិបារាំង Marguerite Duras រស់នៅ និងបានសរសេរប្រលោមលោកដ៏រំភើបរបស់នាងដែលមានចំណងជើងថា ‘The Lover’ (គូស្នេហ៍)។ ផ្ទះរបស់គូស្នេហ៍នាង Duras គឺលោក Huynh Thuy Le នៅតែមានវត្តមានមកដល់សព្វថ្ងៃនេះ និងបើកជូនសាធារណជនចូលទស្សនា។ ផ្ទះនេះគឺជាឃ្លាំងទ្រព្យនៃអនុស្សាវរីយ៍កាលពីអតីតកាល។ កសាងឡើងតាំងពីឆ្នាំ 1895 ផ្ទះនេះត្រូវបានតុបតែងដោយគ្រឿងសង្ហារិមបុរាណ បង្អួចកញ្ចក់ពណ៌ និងការ៉ូស៊ីម៉ងត៍លាបពណ៌។ រឿងរ៉ាវនៃគ្រួសាររបស់ Duras និងទំនាក់ទំនងដ៏ស្មុគស្មាញរបស់នាងបានធ្វើឱ្យ Sa Dec ស្ថិតនៅលើផែនទីអក្សរសិល្ប៍ជារៀងរហូត។ ប៉ុន្តែក្រៅពីផ្ទះនៅលើផ្លូវ Nguyen Hue ទីក្រុង Sa Dec មានវិឡាធំៗជាច្រើន និងវិហារដ៏ស្រស់ស្អាតជាច្រើននៅលើដងផ្លូវមាត់ទន្លេដ៏ស្អាតបាតរបស់ខ្លួន។ ដើរកម្សាន្តតាមដងផ្លូវមាត់ទន្លេ ដើម្បីទស្សនាស្ថាបត្យកម្មដ៏មានតម្លៃរបស់ទីក្រុងនេះ។

មគ្គុទ្ទេសក៍ទេសចរណ៍តំបន់ដីសណ្ដទន្លេមេគង្គ

ផ្សារគឺជាមជ្ឈមណ្ឌលនៃសកម្មភាពនានានៅ Sa Dec ហើយវាពោរពេញទៅដោយកសិផលគួរឱ្យចាប់អារម្មណ៍ជាច្រើន។ ផ្នែកខាងក្រោយនៃផ្សារលាតសន្ធឹងទៅដល់មាត់ទឹក ដែលទូកអាចចូលចត និងចេញដំណើរបានយ៉ាងងាយស្រួល។ នៅខាងក្រៅទីក្រុងត្រឹមតែពីរបីគីឡូម៉ែត្រប៉ុណ្ណោះ គឺជាកន្លែងទាក់ទាញដ៏ស្រស់ស្អាតមួយទៀត។ សួនបណ្តុះផ្កាដ៏ធំទូលាយរបស់ Sa Dec បណ្តុះរុក្ខជាតិត្រូពិចរាប់ពាន់ប្រភេទនៅក្នុងផ្ទះកញ្ចក់។ អ្នកអាចដើរកាត់ផ្ទះកញ្ចក់ និងសួនបណ្តុះទាំងនេះ ឬថតរូបនៅតាមកន្លែងពិសេសៗដែលរៀបចំឡើងសម្រាប់អ្នកលេង Instagram។ Sa Dec គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានភាពស្ងប់ស្ងាត់ជាងគេនៅក្នុងតំបន់ដីសណ្ដ ប៉ុន្តែចម្ការផ្កាដ៏ស្រស់ស្អាត និងឥទ្ធិពលអាណានិគមដែលនៅសេសសល់ មានភាពទាក់ទាញខ្លាំងសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ទីនេះ។ 


Ben Tre

ទីក្រុងនានានៅតំបន់ដីសណ្ដទន្លេមេគង្គ

Ben Tre គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលនៅជិតទីក្រុងហូជីមិញបំផុត ហើយដោយសារតែហេតុនេះ ទើវាជាកន្លែងងាយស្រួលក្នុងការទស្សនាក្នុងដំណើរទេសចរណ៍រយៈពេលមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ ដូចជាខេត្តដទៃទៀតនៅតំបន់ដីសណ្ដទន្លេមេគង្គ Ben Tre មានកន្លែងសម្ងាត់ផ្ទាល់ខ្លួន ដែលអ្នកអាចសម្រាកលំហែកាយយ៉ាងងាយស្រួលនៅក្នុងផ្ទះស្នាក់ (homestay) មាត់ទន្លេជាច្រើនថ្ងៃ។ មិនថាអ្នកមកកម្សាន្តរយៈពេលខ្លី ឬសម្រាកលំហែកាយរយៈពេលវែងនោះទេ Ben Tre តែងតែផ្តល់នូវបទពិសោធន៍ដ៏មានតម្លៃជានិច្ច។ ការជិះទូកតាមប្រឡាយទឹកដែលអមដោយដើមដូងទឹក គឺជាវិធីសាស្ត្រដ៏ល្អមួយដើម្បីទស្សនា។ ដំណើរទេសចរណ៍តាមទូកភាគច្រើនឈប់នៅកន្លែងផលិតស្ករគ្រាប់ដូង ដែលអ្នកអាចភ្លក់ស្ករគ្រាប់ដូងបានតាមចិត្តចង់ ព្រមទាំងទស្សនាដំណើរការផលិតតាំងពីការប្រមូលផលរហូតដល់ការវេចខ្ចប់។ 

សកម្មភាពគួរធ្វើនៅតំបន់ដីសណ្ដទន្លេមេគង្គ

ផ្លូវ និងច្រកផ្លូវដ៏ស្ងប់ស្ងាត់ព័ទ្ធជុំវិញទីក្រុង ដែលនាំទៅដល់តំបន់ជនបទ។ ជិះកង់ដើម្បីចូលទៅឱ្យកាន់តែជ្រៅទៅក្នុងឋានសួគ៌ត្រូពិចនេះ ដែលពោរពេញទៅដោយដើមដូងខ្ពស់ៗ និងប្រឡាយទឹកពណ៌បៃតងអូលីវ។ អ្នកអាចចំណាយពេលទស្សនាការត្បាញកន្ទេលចម្រុះពណ៌ ទៅទស្សនារោងចក្រផលិតឥដ្ឋដើម្បីមើលការធ្វើឥដ្ឋ និងការដុតឥដ្ឋក្នុងឡដ៏ធំ ឬឡើងជិះកាណូត (sampan) ដើម្បីជិះទូកលម្ហែកាយលើផ្ទៃទឹក។ ចំណុចលេចធ្លោប្រចាំថ្ងៃនៅទីនេះ គឺពិតជាម្ហូបអាហារហើយ។ រីករាយជាមួយអាហារថ្ងៃត្រង់បែបប្រពៃណីរបស់ Ben Tre គឺត្រីត្រចៀកដំរីបំពង មូរជាមួយត្រសក់ ម្នាស់ ជីគ្រប់មុខ និងនំបញ្ចុក រួចជ្រលក់ជាមួយទឹកត្រីផ្អែម។ 

ណែនាំ៖ ប្រសិនបើអ្នកមានពេលត្រឹមតែមួយថ្ងៃដើម្បីទៅទស្សនា Ben Tre សូមកក់ដំណើរទេសចរណ៍របស់អ្នកជាមួយក្រុមហ៊ុនក្នុងស្រុក SaigonTourist។ ដំណើរទេសចរណ៍នេះរួមបញ្ចូលទាំងការដឹកជញ្ជូនពីទីក្រុងហូជីមិញ ការជិះទូកពីរដង ការទៅទស្សនាផ្ទះដូនតានៅជនបទ និងអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់។ មគ្គុទ្ទេសក៍ទេសចរណ៍ដែលទទួលបានការបណ្តុះបណ្តាលយ៉ាងល្អ និងអាចនិយាយភាសាអង់គ្លេសបាន នឹងនាំអ្នកទស្សនាតាំងពីដើមដល់ចប់។ 


ចង់បានគំនិតធ្វើដំណើរទៅវៀតណាមបន្ថែមទៀតទេ? ចុះឈ្មោះសម្រាប់ព្រឹត្តិបត្រព័ត៌មានរបស់យើង ដើម្បីទទួលបានរឿងរ៉ាវល្អៗបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។