Vietnam Tourism

  • ស្វែងយល់ពីកោះភូកុកនាពេលយប់

ចង់រីករាយនឹងបរិយាកាសកោះភូកុកនាពេលរាត្រីមែនទេ? នេះជាគំនិតមួយចំនួនដើម្បីបង្កើតអនុស្សាវរីយ៍ ព្រមទាំងស្វែងយល់ពីជីវភាពរស់នៅ និងវប្បធម៌ក្នុងស្រុក បន្ទាប់ពីព្រះអាទិត្យលិច។

ចង់ដើរកម្សាន្តនៅលើកោះភូកុក បន្ទាប់ពីចំណាយពេលពេញមួយថ្ងៃនៅឆ្នេរសមុទ្រ តារាងវាយកូនហ្គោល ឬទស្សនាតំបន់ទេសចរណ៍នានានៅលើកោះនេះមែនទេ? ទោះបីជាវាមិនអ៊ូអរដូចទីក្រុងធំៗរបស់ប្រទេសក៏ដោយ (ព្រោះវាជាកោះដ៏ស្ងប់ស្ងាត់មួយ) ប៉ុន្តែនៅពេលដែលព្រះអាទិត្យលិច និងខ្យល់ត្រជាក់ធ្លាក់មក កោះភូកុកមានអ្វីៗជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចេញក្រៅដើរកម្សាន្ត។ ជជែកគ្នាលេងកម្សាន្តបណ្តើរក្រេបភេសជ្ជៈបណ្តើរ ភ្លក់ម្ហូបក្នុងតំបន់ រីករាយជាមួយតន្ត្រីបន្តផ្ទាល់ ឬការរាំរែក ណាត់ជួបគ្នាយ៉ាងរ៉ូមែនទិកនៅលើដំបូលអគារ ឬទទួលយកបទពិសោធន៍វប្បធម៌ប្រពៃណីវៀតណាម។


គយគន់ថ្ងៃលិចនៅឆ្នេរសមុទ្រ

កោះភូកុកល្បីល្បាញដោយសារទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាតអស្ចារ្យ។ ចាត់ទុកការទស្សនាទិដ្ឋភាពព្រះអាទិត្យរៀបលិចជារៀងរាល់ថ្ងៃជាបេសកកម្មរបស់អ្នក ព្រមទាំងក្រេបភេសជ្ជៈដ៏ស្រស់ស្រាយ។ សម្រាប់ការគយគន់ថ្ងៃលិច មានឆ្នេរសមុទ្រ ភោជនីយដ្ឋាន កន្លែងមើលទេសភាព និងបារជាច្រើនសម្រាប់ជ្រើសរើស។ ធានាថាអ្នកនឹងទទួលបានខណៈពេលដ៏ស្រស់ស្អាតដូចក្នុងរូបភាពកាតប៉ុស្តាល់។

សម្រាកកាយបែបធម្មតាៗ ដោយជ្រើសរើសកន្លែង ឬកៅអីគេងលំហែកាយនៅតាមបណ្តោយឆ្នេរសាធារណៈ និងឯកជនជាច្រើនរបស់ឆ្នេរឡុងប៊ិច (Long Beach)។ នៅពេលរាត្រីឈានចូលមកដល់ ទូកនេសាទមឹកនៅជិត និងឆ្ងាយបានបន្ថែមសម្រស់វៀតណាមដ៏ពិតប្រាកដ និងប្លែកភ្នែកទៅក្នុងទិដ្ឋភាពនេះ។ នៅលើឆ្នេរមួយចំនួន រូបចម្លាក់ក្រៅផ្ទះជួយឱ្យអ្នកថតរូបថ្ងៃលិចបានយ៉ាងស្រស់ស្អាតបំផុត។

ឬរីករាយនឹងការគយគន់ថ្ងៃលិចយ៉ាងមានផាសុកភាព ជាមួយកែវកុកកន្ទុយ (cocktail) នៅក្នុងដៃ នៅតាមបារឆ្នេរជុំវិញតំបន់ដួងដុង (Duong Dong)។ សម្រាកនៅលើពូកខ្នើយខ្សាច់ (beanbag) នៅកន្លែងកម្សាន្តមាត់ឆ្នេរដ៏ធូរស្រាលណាមួយ។ ឬទទួលយកភាពត្រជាក់ស្រស់ស្រាយនៅក្បែរអាងហែលទឹកសណ្ឋាគារដ៏ទាក់ទាញនៅកន្លែងដ៏ប្រណីតៗ ដូចជា Le Bar នៅ La Veranda Resort Phu Quoc។ សម្រាប់បរិយាកាសសួនច្បារដ៏ខៀវស្រងាត់ និងស្ងប់ស្ងាត់ ដើរតែពីរបីជំហានពីសមុទ្រ Malabar នៅ Cassia Cottage គឺជាកន្លែងដ៏ល្អឥតខ្ចោះ។

ជីវិតរាត្រីនៅកោះភូកុក

ចង់អង្គុយសម្រាក លំហែកាយ និងទស្សនាការកម្សាន្តមែនទេ? បារឆ្នេរទាំងនេះជាច្រើនមានការសម្តែងរបាំភ្លើងដ៏គួរឱ្យចាប់អារម្មណ៍។ គេងផ្អែកលើពូកខ្នើយខ្សាច់ដ៏មានផាសុកភាព ជើងជាន់នៅលើខ្សាច់ ខណៈពេលដែលអ្នកសម្តែងធ្វើឱ្យអ្នកជក់ចិត្តដក់អារម្មណ៍។


ភ្លក់មុខម្ហូបឆ្ងាញ់ៗ

ចំណុចលេចធ្លោនៃការទៅលេងកន្លែងថ្មីគឺពិតជាម្ហូបអាហារនៅទីនោះហើយ។ នៅលើកោះភូកុក ជម្រើសអាហារគឺសមស្របទៅនឹងរសជាតិ ថវិកា និងចំណូលចិត្តផ្សេងៗគ្នា។ អ្នកចូលចិត្តអាហារឆ្ងាញ់ៗកម្រិតខ្ពស់នឹងពេញចិត្តចំពោះបទពិសោធន៍អាហារលំដាប់ខ្ពស់របស់កោះនេះ។ សណ្ឋាគារជាច្រើនបម្រើអាហារលំដាប់ខ្ពស់នៅក្បែរសមុទ្រផ្ទាល់។ ឬរីករាយជាមួយសាច់អាំង BBQ នៅលើឆ្នេរខ្សាច់ដែលមានរៀបចំតុយ៉ាងប្រណីត។ អ្នកធ្វើដំណើរដែលមានថវិកាកម្រិតមធ្យមអាចជ្រើសរើសហាងកាហ្វេ និងតូបលក់អាហារតាមចិញ្ចើមផ្លូវជុំវិញទីប្រជុំជនធំ។

បទពិសោធន៍ម្ហូបអាហារដែលអ្នកមិនគួររំលងគឺ ផ្សាររាត្រីឌិញកូវ (Dinh Cau Night Market)។ ចាប់ពីម៉ោង ៥ ល្ងាចជារៀងរាល់ថ្ងៃ ផ្លូវនានានៅជិតប្រាសាទថ្មឌិញកូវត្រូវបានបិទ ហើយតំបន់នេះក្លាយជាឋានសួគ៌សម្រាប់អ្នកចូលចិត្តអាហារសម្រន់ដែលអាចដើរបានដោយថ្មើរជើងរហូតដល់ពាក់កណ្តាលអធ្រាត្រ។ ជាងពាក់កណ្តាលនៃតូបជាង ១០០ លក់អាហារ និងភេសជ្ជៈ ជាមួយនឹងមុខម្ហូបក្នុងស្រុកពិតៗក្នុងតម្លៃសមរម្យ។ អ្នកនឹងត្រូវបានទាក់ទាញយ៉ាងងាយស្រួលដោយតូបលក់គ្រឿងសមុទ្រជាច្រើន។ ជ្រើសរើសអាហារដែលអ្នកចូលចិត្ត អង្គុយលើកៅអីតូចមួយ និងមើលមនុស្សដើរកាត់ទៅមក ខណៈពេលក្រេបស្រាបៀរក្នុងស្រុក។ មុនពេលចាកចេញ សូមទិញអាហារ និងភេសជ្ជៈល្បីៗប្រចាំកោះនេះ។ សាកល្បងទឹកត្រី ម្រេចខ្មៅ ស្រាផ្លែស៊ីម (myrtle wine) គ្រាប់ស្វាយចន្ទី សារាយសមុទ្រស្ងួត ឬមឹក។

ជីវិតរាត្រីនៅកោះភូកុក

បន្ទាប់មក ដើររំលាយកាឡូរីខ្លះដោយការដើរលំហែតាមបណ្តោយផែ។ អ្នកនឹងឃើញក្រុមគ្រួសារក្នុងស្រុកកំពុងរីករាយនឹងភាពត្រជាក់នាពេលល្ងាច ក្មេងជំទង់ដែលរួសរាយរាក់ទាក់កំពុងលេងសីទាត់វៀតណាម (Vietnam Hacky Sack) និងអ្នកបើកទូកទេសចរណ៍លាតសន្ធឹងជើងរបស់ពួកគេបន្ទាប់ពីចំណាយពេលពេញមួយថ្ងៃនៅលើសមុទ្រ។


រីករាយជាមួយជីវិតរាត្រីនៅលើកោះ

ចូលចិត្តស្តាប់តន្ត្រីបន្តផ្ទាល់ ព្រមទាំងកាន់កែវកុកកន្ទុយនៅក្នុងដៃមែនទេ? អ្នកនឹងរីករាយដែលបានដឹងថាកោះភូកុកគឺជាកោះតន្ត្រី ព្រោះវាជាផ្ទះរបស់អ្នកតន្ត្រីជាច្រើនដែលមកសម្តែងកម្សាន្តជូនភ្ញៀវទេសចរ។ ក្រុមតន្ត្រីលំដាប់ខ្ពស់សម្តែងនៅតាមបារនៃសណ្ឋាគារប្រណីតៗជាច្រើន។ រីករាយជាមួយទេពកោសល្យរបស់ពួកគេ ខណៈពេលដែលអ្នកឆុងភេសជ្ជៈប្រចាំហាងរៀបចំភេសជ្ជៈពិសេសសម្រាប់អ្នក។ ក៏មានតន្ត្រីបន្តផ្ទាល់ជាប្រចាំនៅតាមបារក្នុងស្រុកជុំវិញកណ្តាលតំបន់ដួងដុង ដែលជួបជុំប្រជាជនក្នុងស្រុក អ្នកធ្វើដំណើរ និងជនបរទេសរស់នៅទីនេះ។ ចូលចិត្តច្រៀងបទចម្រៀងបុរាណៗដោយខ្លួនឯងមែនទេ? កន្លែងកម្សាន្តទាំងនេះខ្លះរៀបចំកម្មវិធីខារ៉ាអូខេជាប្រចាំ ដែលជាវិធីដ៏រីករាយមួយផ្សេងទៀតក្នុងការបង្កើតអនុស្សាវរីយ៍ថ្ងៃសម្រាកលំហែកាយ។

ជីវិតរាត្រីនៅកោះភូកុក

ចង់រាំលេងកម្សាន្តនៅក្បែរមហាសមុទ្រមែនទេ? រាំរែកទៅតាមចង្វាក់ភ្លេងរបស់ DJ ខណៈពេលដែលខ្យល់សមុទ្របក់មកត្រជាក់ស្របតាមដងខ្លួន នៅតាមបារឆ្នេរដូចជា Sailing Club ឬ Sunset Beach Bar & Restaurant។ មានកៅអីអង្គុយដ៏មានផាសុកភាពនៅខាងក្រៅ សម្រាប់ញ៉ាំអាហារសម្រន់ និងស្រូបខ្យល់អាកាសបរិសុទ្ធពីសមុទ្របន្ទាប់ពីរាំរួច។ នៅពេលវេលាខ្លះក្នុងមួយឆ្នាំ ក្រុមតន្ត្រីអេឡិចត្រូនិក និង DJ មកពីទូទាំងប្រទេស (និងក្រៅប្រទេស) រៀបចំកម្មវិធីជប់លៀងនៅលើកោះនេះ។ សូមតាមដានកាលវិភាគព្រឹត្តិការណ៍ក្នុងស្រុក។

គូស្នេហ៍នឹងរីករាយជាមួយទិដ្ឋភាពដ៏ស្រស់ស្អាតគួរឱ្យចង់គយគន់ពីភោជនីយដ្ឋានលើដំបូលអគារ ឬបារកុកកន្ទុយរបស់កោះនេះ។ ស្វែងរកសណ្ឋាគារលំដាប់អន្តរជាតិនៅផ្នែកកណ្តាលនៃកោះ។ សម្រាប់កុកកន្ទុយ ឬភេសជ្ជៈមុនពេលចូលគេង INK 360 នៅ Intercontinental Phu Quoc Long Beach Resort គឺជាកន្លែងដែលមិនអាចបំភ្លេចបាន។ ការរៀបចំដ៏ប្រណីតដែលមានរូបរាងដូចមឹកយក្សផ្តល់នូវផ្ទៃខាងក្រោយជាច្រើនសម្រាប់ការថតរូបសែលហ្វីជាគូ។

360 ink phuquoc

ទទួលយកបទពិសោធន៍វប្បធម៌ក្នុងស្រុក

នៅពេលព្រះអាទិត្យលិច ហើយពន្លឺភ្លើងពីទូកនេសាទមឹកភ្លឺផ្លេកៗពាសពេញផ្ទៃសមុទ្រ កោះភូកុកផ្ដល់ជូននូវបទពិសោធន៍ដ៏ពិតប្រាកដមួយចំនួន ដែលធ្វើឱ្យអ្នកស្គាល់កាន់តែច្បាស់ពីវប្បធម៌ក្នុងស្រុក។

ជីវិតរាត្រីនៅកោះភូកុក

ដើម្បីដឹងថាមានអ្វីកើតឡើងនៅលើទូកទាំងនោះដែលភ្លឺផ្លេកៗនៅតាមជើងមេឃ សូមកក់ដំណើរកម្សាន្តស្ទូចមឹកពេលយប់។ អ្នកនេសាទនឹងបង្រៀនអ្នកពីរបៀបស្ទូចមឹក ដែលអ្នកអាចយកមកទទួលទានបានបន្ទាប់ពីស្ទូចបាន។ ឆ្ងាញ់ណាស់!

អ្នកដែលចូលចិត្តវប្បធម៌មិនគួររំលងឱកាសទស្សនាការសម្ដែងល្ខោនតុក្កតាទឹកបែបប្រពៃណីឡើយ។ ល្ខោនតុក្កតាទឹកវៀតណាមមានប្រភពដើមតាំងពីសតវត្សទី១១ នៅភាគខាងជើង។ ក្រោយរដូវប្រមូលផល ស្រែស្រូវត្រូវបានប្រើប្រាស់សម្រាប់ការសម្ដែងល្ខោនតុក្កតាដែលបង្ហាញពីរឿងព្រេងបុរាណ។ រីករាយទស្សនារូបតុក្កតាឈើតូចៗដែលត្រូវបានបញ្ជាយ៉ាងរលូនដោយអ្នកសម្ដែងដែលឈរនៅក្នុងទឹកត្រឹមកម្រិតចង្កេះ និងលាក់ខ្លួនពីក្រសែភ្នែកទស្សនិកជន។ រោងមហោស្រពភូកុក (Phu Quoc Theatre) គឺជាកន្លែងតែមួយគត់ដែលបង្ហាញទម្រង់សិល្បៈប្រពៃណីនេះនៅលើកោះ។ រីករាយជាមួយសាច់រឿង តន្ត្រី និងភាពកំប្លុកកំប្លែងដែលបានបន្សល់ទុកជាច្រើនជំនាន់។ អ្នកនឹងបានចូលរួមចំណែកក្នុងការអភិរក្សទំនៀមទម្លាប់បុរាណនេះផងដែរ។


ចង់បានគំនិតធ្វើដំណើរក្នុងប្រទេសវៀតណាមបន្ថែមទៀតមែនទេ? ចុះឈ្មោះសម្រាប់ព្រឹត្តិបត្រព័ត៌មានរបស់យើង ដើម្បីទទួលបានរឿងរ៉ាវល្អៗបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។