Vietnam Tourism

  • កន្លែងងូតទឹកភក់ដ៏ល្អបំផុតនៅញ៉ាត្រាង

មនុស្សជាតិបានត្រាំក្នុងអាងទឹកភក់អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ នៅទូទាំងពិភពលោក មនុស្សប្រើប្រាស់អាងងូតទឹកភក់រួមគ្នាជាលំហសង្គម និងសម្រាប់ការព្យាបាល ដែលជាបទពិសោធន៍សម្រាកកាយ និងព្យាបាលជំងឺ ជាមួយនឹងអត្ថប្រយោជន៍សុខភាពយ៉ាងច្រើន។ ប៉ុន្តែ មិនមែនភក់ទាំងអស់សុទ្ធតែជាប្រភេទភក់ដែលត្រឹមត្រូវនោះទេ។ ភក់នៅក្នុងអាងព្យាបាលទាំងនេះគឺពិសេស សំបូរទៅដោយសារធាតុរ៉ែដូចជា ស៊ុលហ្វួ និងម៉ាញ៉េស្យូម ដែលរកឃើញតែនៅក្នុងតំបន់មួយចំនួនដែលមានប្រភេទដីត្រឹមត្រូវ ឬសកម្មភាពភ្នំភ្លើងប៉ុណ្ណោះ។

ការងូតទឹកភក់នៅញ៉ាត្រាង - I-Resort

ប្រភព៖ Facebook - ​​Bùn khoáng nóng I-Resort Nha Trang។

 

ការងូតទឹកភក់គឺមានកម្តៅក្តៅ ហើយសីតុណ្ហភាពខ្ពស់ជួយបើករន្ធញើសដើម្បីទាញជាតិពុលចេញពីរាងកាយ។ សារធាតុរ៉ែទាំងនោះជួយជម្រុះកោសិកាងាប់ៗ និងអាចជួយសម្រាលបញ្ហាស្បែកដូចជា ជំងឺត្រអក និងមុន។ ការឈឺចាប់សាច់ដុំ និងសន្លាក់ត្រូវបានកែលម្អ ហើយការរលាកត្រូវបានកាត់បន្ថយ។ ការសិក្សាមួយចំនួនបានបង្ហាញថា ការងូតទឹកភក់អាចជួយសម្រាលជំងឺនានា ដូចជាជំងឺរលាកសន្លាក់ និងថែមទាំងជួយសម្រួលដល់ដំណេក និងអារម្មណ៍ផងដែរ។ 

ញ៉ាត្រាង (Nha Trang) មានកន្លែងងូតទឹកភក់ដ៏ល្បីល្បាញបំផុតមួយចំនួននៅក្នុងប្រទេសវៀតណាម។ Thap Ba, 100 Egg Mud Bath និង I-Resort គឺជាកន្លែងដ៏ល្អបំផុតទាំងបី។ 


ការងូតទឹកភក់ Thap Ba

Thap Ba គឺជាកន្លែងងូតទឹកភក់ចំណាស់ជាងគេ និងល្បីល្បាញបំផុតនៅញ៉ាត្រាង ដែលមានចម្ងាយត្រឹមតែ ៦ គីឡូម៉ែត្រក្រៅទីក្រុងប៉ុណ្ណោះ។ ពួកគេផ្តល់ជូននូវសេវាកម្មជាច្រើនជាមួយនឹងតម្លៃផ្សេងៗគ្នា រួមមាន អាងងូតទឹកភក់រួមគ្នា និងឯកជន ព្រមទាំងអាងទឹករ៉ែក្តៅ និងត្រជាក់ ទឹកធ្លាក់ ជែកគូហ្ស៊ី (jacuzzis) សូណា អាងហែលទឹក និងជញ្ជាំងព្យាបាលដោយទឹក (hydrotherapy wall)។ តម្លៃខុសៗគ្នានឹងទទួលបានកញ្ចប់សេវាកម្មខុសៗគ្នា។ 

ត្រាំក្នុងភក់យ៉ាងហោចណាស់ម្ភៃនាទី ដើម្បីទទួលបានការព្យាបាលពេញលេញ បន្ទាប់មកលាងសម្អាតខ្លួនចេញ មុនពេលចូលទៅត្រាំក្នុងអាងទឹករ៉ែក្តៅ។ 

ភ្ញៀវទេសចរក៏នឹងមានឱកាសទៅទស្សនាប្រាសាទ Thap Ba Ponagar ដ៏ស្រស់ស្អាត,  សម្រាកកាយក្នុងទេសភាពជនបទដ៏ស្ងប់ស្ងាត់ និងលំហបៃតងស្រស់បំព្រងជុំវិញ ការងូតទឹកភក់ Thap Ba

ការងូតទឹកភក់នៅញ៉ាត្រាង - Thap Ba Nha Trang

ប្រភព៖ Facebook - Tắm Bùn Tháp Bà Nha Trang

 

ការងូតទឹកភក់ 100 Egg

កន្លែងងូតទឹកភក់ថ្មីបំផុតនៅញ៉ាត្រាងក៏ជាកន្លែងដែលប្លែកបំផុតផងដែរ។ អ្វីៗគ្រប់យ៉ាងនៅទីនេះគឺស្ថិតក្រោមប្រធានបទស៊ុត។ អាងងូតទឹកភក់ សួនច្បារ អាងងូតទឹក... គ្រប់យ៉ាងគឺស៊ុត។ ក្រៅពីអាងងូតទឹកភក់ ស្ប៉ានៅទីនោះក៏មានផ្តល់ជូននូវការងូតទឹកឱសថបុរាណ និងទឹករ៉ែ អាងហែលទឹក និងបន្ទប់សូណាស្ងួត និងសើមផងដែរ។
 

ការងូតទឹកភក់នៅញ៉ាត្រាង - 100 Egg Theme Park

ប្រភព៖ Facebook - Khu Du Lịch Trăm Trứng - 100 Egg Theme Park។


សីតុណ្ហភាពអាងងូតទឹកភក់ត្រូវបានរក្សានៅចន្លោះពី ៣៨ ទៅ ៤០ អង្សាសេ។ ត្រាំខ្លួនក្នុងភក់បណ្តើរ ក្រឡេកមើលទៅព្រៃឈើហូបផ្លែនៅក្បែរនោះបណ្តើរ ដែលមានដុះពេញទៅដោយដើមល្ហុង ចេក និងដូង។ បន្ទាប់ពីងើបពីកម្តៅក្តៅ មកស្រោចស្រពដោយទឹកត្រជាក់ រួចហាលខ្លួនឱ្យស្ងួតក្រោមពន្លឺថ្ងៃ។ បន្ទាប់ពីថ្ងៃសម្រាកស្ប៉ា កុំភ្លេចចូលទទួលទានអាហារនៅភោជនីយដ្ឋាន។ រាល់មុខម្ហូបទាំងអស់ដែលធ្វើពីស៊ុត ត្រូវបានបម្រើជូននៅទីនេះ។ 

ការងូតទឹកភក់នៅញ៉ាត្រាង - 100 Egg Theme Park

ប្រភព៖ Facebook - Khu Du Lịch Trăm Trứng - 100 Egg Theme Park។

 

I-Resort 

I-Resort រួមបញ្ចូលនូវសេវាកម្មដូចគ្នាទាំងអស់ទៅនឹង Thap Ba និង 100 Eggs ជាមួយនឹងការបន្ថែមសេវាកម្មដ៏ប្រណីតនៅក្នុងបរិស្ថានដែលរៀបចំឡើងយ៉ាងស្រស់ស្អាត។ រីសតនេះត្រូវបានហ៊ុំព័ទ្ធដោយភ្នំ និងម្លប់ដើមដូង។ ដំបូលប្រក់ស្បូវគ្របដណ្តប់លើអាងហែលទឹក។ អាងទឹករ៉ែក្តៅជាច្រើនជាន់ហូរធ្លាក់បន្តបន្ទាប់គ្នា ជាមួយនឹងទិដ្ឋភាពជួរភ្នំពីចំណុចខ្ពស់បំផុត។ នៅកន្លែងផ្សេងទៀត ទឹកហូរស្រក់យ៉ាងស្រទន់ពីប៉មថ្មដែលតម្រៀបលើគ្នា។ កុមារ (និងមនុស្សធំដែលចូលចិត្តភាពសប្បាយរីករាយ) ថែមទាំងអាចលេងនៅក្នុងសួនទឹកនៅទីនោះទៀតផង។ 

ការងូតទឹកភក់នៅញ៉ាត្រាង - I-Resort

 

វាជាការប្រសើរក្នុងការជ្រើសរើសការងូតទឹកភក់រួមគ្នានៅទីនេះ ប៉ុន្តែ I-Resort មានភាពលេចធ្លោដោយសារតែបរិក្ខារលំដាប់ខ្ពស់របស់វា។ កក់សេវាកម្ម VIP ដើម្បីទទួលបានបឹងហ្គាឡូឯកជនសម្រាប់ពេញមួយថ្ងៃ អាងងូតទឹកភក់ឯកជន និងអាងទឹករ៉ែឯកជនដើម្បីត្រាំខ្លួនដោយគ្មានដែនកំណត់ –  ទាំងអស់នេះគឺស្ថិតក្នុងភាពឯកជនទាំងស្រុង។ ងើបពីអាងទឹករ៉ែក្តៅ ហើយចូលទៅកាន់ស្ប៉ាដើម្បីទទួលបានការម៉ាស្សាពេញរាងកាយ អាហារបែបបស្ចិមប្រទេស ឬវៀតណាម និងកាហ្វេ ឬតែឱសថបុរាណដែលត្រៀមបម្រើជូនជាស្រេច។
ដើម្បីនាំយកអនុស្សាវរីយ៍ខ្លះត្រឡប់ទៅផ្ទះវិញ សូមចូលទៅកាន់ហាងលក់គ្រឿងសំអាង និងផលិតផលថែរក្សាសម្រស់ដែលផលិតចេញពីភក់ និងសារធាតុរ៉ែព្យាបាលរបស់វា។

ការងូតទឹកភក់នៅញ៉ាត្រាង - I-Resort

ប្រភព៖ Facebook - ​​Bùn khoáng nóng I-Resort Nha Trang។