មូកាងចៃ (Mu Cang Chai) មានភាពស្រស់ស្អាតគួរឱ្យគយគន់ពេញមួយឆ្នាំ ប៉ុន្តែរដូវដាំដុះ និងរដូវប្រមូលផល ហាក់ដូចជាទាក់ទាញការចាប់អារម្មណ៍ខ្លាំងជាងគេ។ ការប្រមូលផលកើតឡើងពីខែកញ្ញាដល់ខែតុលា ដែលពិតជាទិដ្ឋភាពដ៏អស្ចារ្យគួរឱ្យគយគន់ ខណៈដែលប្រជាជនក្នុងតំបន់ស្លៀកពាក់បែបប្រពៃណីកំពុងច្រូតកាត់ភោគផលពណ៌លឿងទុំនៅលើវាលស្រែ។ មិនយូរប៉ុន្មានក្រោយមក ក្នុងខែធ្នូ ជម្រាលភ្នំត្រូវបានគ្របដណ្តប់ទៅដោយផ្កាភីចព្រៃរីកស្គុះស្គាយ។ ប៉ុន្តែគឺរដូវដាំដុះ (ឬហៅម្យ៉ាងទៀតថា រដូវបញ្ចូលទឹក) ដែលផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យ និងស្រស់ស្អាតហួសពីការស្មាន។ ចាប់ពីចុងខែឧសភា ដល់ដើមខែមិថុនា បន្ទាប់ពីភ្លៀងធ្លាក់ កសិករបានបង្វែរទឹកពីកំពូលភ្នំចូលទៅក្នុងស្រែជណ្តើរ ដោយបង្កើតបានជាអាងទឹកចាំងផ្លាត (ឆ្លុះបញ្ចាំងពីពពក មេឃ និងព្រះអាទិត្យ)។ នេះគឺជាពេលដែលប្រជាជនក្នុងតំបន់ចាប់ផ្តើមស្ទូងកូនស្រូវ។ ទិដ្ឋភាពនេះពិតជាអស្ចារ្យប្លែកភ្នែកខ្លាំងណាស់។ សូមស្រមៃគិតអំពីវាលស្រែដែលពោរពេញដោយទឹកចាំងផ្លាតពន្លឺ ដូចជាផ្ទាំងគំនូរចម្រុះពណ៌ភ្លឺផ្លេកនៅលើដីស្រែជណ្តើរនៃភ្នំពណ៌បៃតងខ្ចី។
ខណៈពេលដែលប្រជាជនភាគច្រើននៃស្រុកមូកាងចៃ គឺជាជនជាតិភាគតិចហ្មុង (H’Mong) ក៏មានក្រុមជនជាតិភាគតិចផ្សេងទៀតមួយចំនួនតូចផងដែរ (រួមទាំងជនជាតិថៃ និងជនជាតិដៅ)។ ហេតុដូច្នេះហើយ ស្រុកនេះសំបូរទៅដោយវប្បធម៌៖ តន្ត្រី សិល្បៈប្រជាប្រិយ ម្ហូបអាហារប្រពៃណី និងសិប្បកម្ម។ មានពិធីបុណ្យជាច្រើនត្រូវបានប្រារព្ធឡើងក្នុងរដូវបញ្ចូលទឹកនេះ។ ពិធីបុណ្យមួយក្នុងចំណោមនោះមានឈ្មោះថា៖ «ការហោះហើរលើរដូវទឹកហូរលើស្រែជណ្តើរ» ដែលប្រព្រឹត្តទៅនៅលើច្រកភ្នំខៅផា (Khau Pha Pass) (រីឯពិធីបុណ្យ «ការហោះហើរក្នុងរដូវមាស» ត្រូវធ្វើឡើងក្នុងអំឡុងពេលប្រមូលផល)។ ភ្ញៀវទេសចរអាចទស្សនាទេសភាពស្រែជណ្តើរ ពេលកំពុងលេងឆ័ត្រយោងលើជ្រលងភ្នំ (ពិធីបុណ្យនេះរួមមាន ម្ហូបអាហារ តន្ត្រី ការរាំរបាំ និងកម្មវិធីផ្សេងៗទៀត)។ ច្រកភ្នំខៅផាផ្តល់នូវទិដ្ឋភាពដ៏ល្អឥតខ្ចោះនៃស្រែជណ្តើរ ព្រៃបុរាណ និងជួរភ្នំដែលនៅជុំវិញ។ លើសពីនេះ ពិធីបុណ្យរដូវបញ្ចូលទឹកក៏មានប្រារព្ធឡើងនៅក្នុងឃុំ និងភូមិជុំវិញនានាផងដែរ (ដូចជា Che Cu Nha, La Pan Tan, Thai Nam Kim, Khao Pha និង De Xu Phinh)។ ទាំងផ្នែកជំនឿ និងវប្បធម៌ រដូវបញ្ចូលទឹកគឺជាការបញ្ជាក់ឡើងវិញនូវទំនាក់ទំនងយ៉ាងរឹងមាំ និងជាពេលវេលានៃក្តីសប្បាយរីករាយ និងការអបអរសាទរយ៉ាងអធិកអធមទូទាំងតំបន់មូកាងចៃ។
ប្រសិនបើការហោះហើរមិនមែនជាចំណូលចិត្តរបស់អ្នកទេ មានកន្លែងកម្សាន្ត និងជម្រើសកម្សាន្តដ៏គួរឱ្យរំភើបជាច្រើនទៀតដែលត្រូវទស្សនាក្នុងអំឡុងពេលដាំដុះនេះ។
ទឹកធ្លាក់ម៉ូ (Mo Waterfall) គឺជាគោលដៅទេសចរណ៍ដ៏អស្ចារ្យ (កាន់តែមានសម្រស់ស្រស់ត្រកាលដោយសារទឹកភ្លៀងក្នុងរដូវវស្សា)។ ទឹកធ្លាក់ទាំងបួនថ្នាក់អាចដើរទៅដល់បាន។ ទឹកធ្លាក់ហូរធ្លាក់ចុះមកបង្កើតបានជាចំហាយទឹកអណ្តែតពេញអាកាស ហើយសំឡេងទឹកធ្លាក់លាន់ឮរំពងពេញព្រៃភ្នំជុំវិញ។ ផ្កាចម្រុះពណ៌រីកស្គុះស្គាយចេញពីមែកឈើ បង្កើតបានជាទិដ្ឋភាពដ៏ស្រស់ស្អាតប្លែកភ្នែក។
ប្រភព៖ អ៊ីនធឺណិត
កូនភ្នំម៉ាំសូយ (Mam Xoi Hill) គឺជាចំណុចមើលទេសភាពស្រែជណ្តើរក្រៅផ្លូវការ។ ពីទីនេះ គេអាចទស្សនាទិដ្ឋភាពស្រែជណ្តើរយ៉ាងស្រស់ស្អាតបំផុត។ ការធ្វើដំណើរទៅកាន់កំពូលភ្នំនេះគឺពិតជាលំបាកខ្លាំងណាស់ ផ្លូវធ្វើដំណើរមិនងាយស្រួលនោះទេ (ជាពិសេសនៅពេលមានភ្លៀងធ្លាក់ជោកជាំ) ដូច្នេះសូមណែនាំឱ្យអ្នករកអ្នកបើកបរក្នុងតំបន់ (មានផ្តល់សេវាកម្មយ៉ាងច្រើននៅទីនោះ)។ ការមើលគំរូវិកវរដូចសត្វពស់នៃជួរស្រែពីលើកម្ពស់ខ្ពស់ គឺប្រៀបដូចជាការមើលស្នាមមេដៃពីឋានសួគ៌ ជាមួយនឹងរលកភ្នំ ជ្រលងភ្នំ ផ្លូវទឹក និងរង្វង់គំនូសផ្សេងៗ។
ព្រៃឫស្សីណាណាងទួជូ (Na Hang Tua Chu) មានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីទីរួមស្រុកមូកាងចៃ។ នេះជាកន្លែងដែលប្រជាជនក្នុងតំបន់មកបេះទំពាំង (ដែលជាម្ហូបដ៏ល្បីប្រចាំតំបន់)។ ការដើរកាត់តាមដើមឫស្សីយក្ស (ខ្លះមានកម្ពស់រហូតដល់ ៣០ ហ្វីត) ស្របពេលដែលមានខ្យល់បក់រវិចៗ និងសំឡេងបក្សីយំច្រៀង បង្កើតបានជាបទភ្លេងធម្មជាតិដ៏អស្ចារ្យមួយ។
ប្រភព៖ អ៊ីនធឺណិត
សម្រាប់អ្នកដែលចង់បន្ថែមភាពរំភើបញាប់ញ័រទៅលើភាពស្រស់ស្អាតនៃធម្មជាតិ អ្នកអាចពិចារណាកូនភ្នំអេរីស (Aeris Hill) (ដែលជាតំបន់ល្បែងកម្សាន្តផ្សងព្រេង)។ មិនត្រឹមតែផ្តល់ជូននូវខ្សែហ្ស៊ីបឡាញ (zipline) ដែលវែងជាងគេនៅក្នុងប្រទេសវៀតណាម (១,២ គីឡូម៉ែត្រ) ប៉ុណ្ណោះទេ ប៉ុន្តែ Aeris Hill ក៏ផ្តល់នូវទិដ្ឋភាពដ៏ស្រស់ត្រកាលនៃស្រែជណ្តើរ ព្រៃឈើ ភ្នំ និងទន្លេផងដែរ។ រួមជាមួយនឹងខ្សែហ្ស៊ីបឡាញ Aeris Hill ក៏មានផ្តល់ជូននូវល្បែងហ្ស័រប៊ីង (Zorbing) ដំបូងគេបង្អស់របស់វៀតណាមផងដែរ (ដែលអ្នកលេងត្រូវចងជាប់នៅក្នុងបាល់ថ្លាដ៏ធំមួយ រួចរំកិលចុះពីលើភ្នំ)។ វាក៏មានការដើរលើខ្សែពួរខ្ពស់ (ស្ពានយោល និងកង់យោល) ប្រព័ន្ធជញ្ជាំងឡើងភ្នំចម្រុះ ក៏ដូចជាទោងយោលដែលនាំអ្នកទៅលើលំហជ្រលងជ្រៅផងដែរ។ មានសួនផ្កា និងស្រះចិញ្ចឹមត្រីកយ (koi)។ នេះពិតជាទេសចរណ៍ផ្សងព្រេងដ៏ល្អបំផុត។
ប្រភព៖ Facebook - Aeris Hill
ធ្វើដំណើរទៅឆ្ងាយបន្តិច (១០០ គីឡូម៉ែត្រពីម៉ូកាងចៃ) គឺ ត្រាំតៅ និងប្រភពទឹកក្តៅរ៉ែដ៏ល្បីល្បាញរបស់វា។ ដោយទទួលបានទឹកពីប្រភពក្រោមដី តំបន់នេះមានផ្តល់ជូននូវសេវាកម្មស្នាក់នៅតាមផ្ទះ (homestay) សម្រាប់អ្នកដែលចង់ទាំងត្រាំទឹកក្តៅ និងស្នាក់នៅសម្រាកមួយយប់។
ប្រភព៖ អ៊ីនធឺណិត
ដោយសារតែតំបន់ភ្នំដាច់ស្រយាលនៃស្រុកម៉ូកាងចៃល្បីល្បាញខាងវាលស្រែជណ្តើរ ជាពិសេសក្នុងអំឡុងរដូវបង្ហូរទឹកចូលស្រែ អ្នកគួរតែរៀបចំផែនការធ្វើដំណើររបស់អ្នកឱ្យបានសមស្រប។ សូមបម្រុងទុកសប្តាហ៍ចុងក្រោយនៃខែមេសា ដល់សប្តាហ៍ដំបូងនៃខែឧសភា សម្រាប់ការទទួលយកបទពិសោធន៍នេះ។ សូមចាប់យកឱកាសដ៏ខ្លីនេះ។ អ្នកនឹងមិនស្តាយក្រោយឡើយ។
អាកាសធាតុ៖ ម៉ូកាងចៃមានពីររដូវច្បាស់លាស់៖ រដូវត្រជាក់/ស្ងួត (ចាប់ពីខែវិច្ឆិកា ដល់ខែមីនា) និងរដូវក្តៅ/ភ្លៀង (ចាប់ពីខែមេសា ដល់ខែតុលា)។ ពីខែកញ្ញា ដល់ខែតុលា គឺជាពេលវេលាប្រមូលផល ខណៈពេលដែលខែមេសា និងខែឧសភា គឺជាពេលវេលាដាំដុះចម្បង។ ទោះបីជាម៉ូកាងចៃទទួលបានទឹកភ្លៀងច្រើនក៏ដោយ ប៉ុន្តែភ្លៀងធ្លាក់ម្តងម្កាលតែប៉ុណ្ណោះ។
ការធ្វើដំណើរទៅទីនោះ៖ ទីក្រុងហាណូយមានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រពីម៉ូកាងចៃ ហើយមានជម្រើសមធ្យោបាយធ្វើដំណើរផ្សេងៗទៅកាន់ឋានសួគ៌លើភ្នំដាច់ស្រយាលនេះ។ រថយន្តក្រុង រថភ្លើង និងម៉ូតូ គឺជាជម្រើសដ៏ល្អបំផុតរបស់អ្នក។ មានក្រុមហ៊ុនរថយន្តក្រុងជាច្រើនដែលបើកបរជារៀងរាល់ថ្ងៃ (គន្លឹះ៖ រថយន្តក្រុងវៀតណាមភាគច្រើនជាប្រភេទរថយន្តទំនើបៗ ហើយភាគច្រើនមានគ្រែគេង និងមានតម្លៃសមរម្យ)។ ទោះបីជាគ្មានរថភ្លើងផ្ទាល់ពីហាណូយទៅម៉ូកាងចៃក៏ដោយ ក៏មានរថភ្លើងប្រចាំថ្ងៃទៅកាន់ខេត្តយេនបៃ ដែលអ្នកដំណើរអាចប្តូរទៅជិះរថយន្តក្រុងបន្តដើម្បីបញ្ចប់ការធ្វើដំណើរបានយ៉ាងងាយស្រួល។ ការជិះម៉ូតូក៏ជាជម្រើសដ៏ពេញនិយមមួយផ្សេងទៀតផងដែរ ដោយសារមានទេសភាពជាច្រើនដែលត្រូវទស្សនា និងមានស្ថានភាពផ្លូវជាច្រើនប្រភេទដែលត្រូវឆ្លងកាត់ មិនចម្លែកទេដែលវាបានក្លាយជាមធ្យោបាយធ្វើដំណើរដ៏ពេញចិត្តសម្រាប់អ្នកទេសចរដែលចូលចិត្តការផ្សងព្រេង។