កាលពីដើមខែមិថុនាកន្លងទៅនេះ នៅទីក្រុងហាណូយ ក្រុមហ៊ុន Michelin បានបង្ហាញជូនមនុស្សទូទាំងពិភពលោកនូវការបង្ហាញខ្លួនជាផ្លូវការនៃសៀវភៅណែនាំ MICHELIN Guide Hanoi & Ho Chi Minh City 2023 ជាមួយនឹងបញ្ជីឈ្មោះភោជនីយដ្ឋានសរុបចំនួន ១០៣ រួមមានភោជនីយដ្ឋានទទួលបានផ្កាយមីសឺឡាំងមួយ (One MICHELIN Star) ចំនួន ៤។
ភោជនីយដ្ឋានចំនួន ៤ ទទួលបានផ្កាយមីសឺឡាំងមួយ (One MICHELIN Star)
លោក Ahmad Faiez Mohamed Pisal នាយកគ្រប់គ្រងនៃក្រុមហ៊ុន MICHELIN វៀតណាម បានមានប្រសាសន៍ថា បន្ទាប់ពីការបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសបារាំងក្នុងឆ្នាំ ១៩០០ សៀវភៅណែនាំ MICHELIN Guide បានបោះជំហានចេញពីព្រំដែននៃប្រទេសបារាំង និងបានធ្វើដំណើរទៅកាន់ទីក្រុងនានាជុំវិញពិភពលោក។ ការបង្ហាញខ្លួនជាលើកដំបូងរបស់ MICHELIN Guide នៅក្នុងប្រទេសវៀតណាម គឺជាព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់វិស័យម្ហូបអាហារវៀតណាម។ MICHELIN Guide នឹងក្លាយជាអ្នកផ្តល់ប្រឹក្សាដ៏ល្អសម្រាប់ភ្ញៀវទេសចរក្នុងការស្វែងរកភោជនីយដ្ឋានដែលមានអាហារគុណភាពល្អ សណ្ឋាគារមានផាសុកភាព និងរីករាយជាមួយបទពិសោធន៍ដ៏ប្លែកប្លែក។
លោកស្រី Nguyen Vu Quynh Anh អគ្គនាយិកានៃក្រុមហ៊ុន Sun Hospitality Group - Sun Group បានមានប្រសាសន៍ថា តាមរយៈការជ្រើសរើសរបស់ MICHELIN នៅក្នុងប្រទេសវៀតណាម គោលដៅទេសចរណ៍ម្ហូបអាហារដែលមានឈ្មោះថាវៀតណាម នឹងត្រូវបានផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរទូទាំងពិភពលោក។ ជាមួយនឹងការបង្ហាញខ្លួនជាលើកដំបូងរបស់ MICHELIN Guide បូករួមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ចុងភៅ និងអ្នកបម្រើការក្នុងវិស័យម្ហូបអាហារនៅទូទាំងប្រទេសវៀតណាម ប្រទេសវៀតណាមនឹងក្លាយជាគោលដៅទេសចរណ៍ម្ហូបអាហារលំដាប់ខ្ពស់ ដែលភ្ញៀវទេសចរអន្តរជាតិគ្រប់រូបត្រូវតែមកទស្សនាឱ្យបានម្តងក្នុងមួយជីវិត។
ប្រធាន VNAT លោក Nguyen Trung Khanh នៅក្នុងពិធីប្រកាសលទ្ធផល Michelin Guide Ceremony 2023
យោងតាមលោក Gwendal Poullennec នាយកអន្តរជាតិនៃកម្មវិធី MICHELIN Guide ការជ្រើសរើសជាលើកដំបូងនៅក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ បានបង្ហាញឱ្យឃើញពីភាពខុសប្លែកគ្នា និងភាពសម្បូរបែបដែលទីក្រុងទាំងពីរនេះមានផ្តល់ជូន។ ទីក្រុងហាណូយ ដែលជារដ្ឋធានីនៃប្រទេសវៀតណាម ផ្តល់នូវបរិយាកាសធូរស្រាល និងសម្រាកកាយ ជាមួយនឹងហាងតូចៗ និងភោជនីយដ្ឋាននានាដែលភាគច្រើនត្រូវបានរកឃើញនៅក្នុងសង្កាត់ចាស់ (Old Quarter)។ ម្ហូបអាហារប្រពៃណីវៀតណាមដែលមានរសជាតិបែបភាគខាងជើង គឺមានការពេញនិយមយ៉ាងខ្លាំងនៅក្នុងទីក្រុងនេះ ជាមួយនឹងការបង្ហាញយ៉ាងច្បាស់នូវរសជាតិធម្មជាតិ បន្ថែមដោយគ្រឿងទេស និងរុក្ខជាតិជាច្រើនប្រភេទដើម្បីបង្កើតជារសជាតិប្លែកៗ។
ដោយឡែក ទីក្រុងហូជីមិញ គឺជាទីក្រុងដ៏មមាញឹក និងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្តល់នូវថាមពលដ៏ប្លែកសម្រាប់អ្នកធ្វើដំណើរទាំងអស់ និងមានប្រភេទម្ហូបអាហារចម្រុះជាច្រើន។ ទាំងបច្ចេកទេសចម្អិនអាហារបែបទំនើប និងបែបប្រពៃណី ត្រូវបានគេឃើញយ៉ាងច្បាស់ ហើយក៏មានការរួមបញ្ចូលគ្នាយ៉ាងអស្ចារ្យនៃទេពកោសល្យ និងមេចុងភៅវ័យក្មេងក្នុងស្រុកដែលចង់បង្ហាញគំនិត និងការបង្កើតថ្មីរបស់ពួកគេនៅលើចានអាហារ។
ក្នុងចំណោមភោជនីយដ្ឋានទាំង ១០៣ នៅក្នុងការជ្រើសរើស (៤៨ នៅទីក្រុងហាណូយ និង ៥៥ នៅទីក្រុងហូជីមិញ) មាន ៤ ត្រូវបានទទួលស្គាល់ដោយផ្កាយមីសឺឡាំងមួយ (One MICHELIN Star) សម្រាប់គុណភាពខ្ពស់នៃការចម្អិនអាហារ រួមមាន៖ Anăn Saigon (ទីក្រុងហូជីមិញ), Gia (ទីក្រុងហាណូយ), Hibana by Koki (ទីក្រុងហាណូយ), Tầm Vị (ទីក្រុងហាណូយ) ចំណែកឯអាជីវកម្មចំនួន ២៩ ទទួលបានពានរង្វាន់ Bib Gourmand សម្រាប់ការផ្តល់ជូននូវអាហារឆ្ងាញ់ក្នុងតម្លៃសមរម្យ និងអាជីវកម្មចំនួន ៧០ ផ្សេងទៀតត្រូវបានណែនាំនៅក្នុង MICHELIN Guide។
សូមមើលបញ្ជីឈ្មោះពេញនៃ MICHELIN Guide Hanoi & Ho Chi Minh City នៅទីនេះ។

អាជីវកម្មចំនួន ២៩ ទទួលបានពានរង្វាន់ Bib Gourmand



ភោជនីយដ្ឋានចំនួន ៧០ ទទួលបានការជ្រើសរើសជា Michelin Selected
ប្រធាន VNAT លោក Nguyen Trung Khanh នៅក្នុងព្រឹត្តិការណ៍នេះ