
ដើម្បីស្វែងរកអាហារដែលឆ្ងាញ់បំផុតនៅវៀតណាម ចូរទទួលទាននៅពេលដែលអ្នកស្រុកទទួលទាន។ និយាយម្យ៉ាងទៀតគឺ៖ ញ៉ាំឱ្យបានឆាប់។ អ្វីៗគ្រប់យ៉ាងប្រែជាស្ងប់ស្ងាត់គួរឱ្យភ្ញាក់ផ្អើលបន្ទាប់ពីម៉ោងអាហាររបស់វៀតណាមបានកន្លងហួស ហើយវាអាចនឹងពិបាកក្នុងការស្វែងរកជម្រើសដែលគាប់ចិត្ត។ ម៉្យាងវិញទៀត ការទទួលទានអាហាររួមគ្នាជាមួយអ្នកស្រុកធានាថានឹងទទួលបានភាពរីករាយរាល់ពេល។
ចេញដំណើរភ្លាមៗបន្ទាប់ពីថ្ងៃរះ ដើម្បីភ្លក្សរសជាតិគុយទាវក្ដៅៗហុយៗដែលមិនអាចបំភ្លេចបាន បបរដ៏មានឱជារស ឬនំដំណើបជ្រលក់ជាមួយសណ្ដែកដី។ តំបន់នៅជិតផ្សារគឺជាកន្លែងដ៏ល្អបំផុតសម្រាប់អ្នកលក់នាពេលព្រឹក ដែលលក់ដូរជូនក្មេងៗសិស្សសាលា អាជីវករលក់ដូរក្នុងផ្សារ និងអ្នកស្រុកដែលកំពុងធ្វើដំណើរទៅធ្វើការ។
តូបអាហារថ្ងៃត្រង់របស់វៀតណាមបើកដំណើរការចាប់ពីម៉ោង ១១:៣០ ព្រឹក ដល់ម៉ោង ១ រសៀល។ ស្វែងរក cơm bình dân ដែលតែងតែគួរឱ្យទុកចិត្ត៖ ជាហាងអាហារដែលជ្រើសរើសដោយខ្លួនឯងជាមួយនឹងមុខម្ហូបបែបគ្រួសារជាច្រើនមុខ — ពងទាចៀនប៉ោងៗ បន្លែឆាខ្ទឹមស ត្រីខ និងសាច់ជ្រូកខ្វៃ — ដែលត្រូវបានដាក់បង្ហាញ និងដាក់គរលើចានបាយក្ដៅៗ។ (ពិតជាឆ្ងាញ់ណាស់!)
ឈានចូលដល់ម៉ោង ៥ ល្ងាច ភោជនីយដ្ឋាន និងតូបអាហាររបស់វៀតណាមចាប់ផ្តើមរៀបចំកៅអីរបស់ពួកគេនៅលើចិញ្ចើមផ្លូវសម្រាប់ក្រុមមនុស្សញ៉ាំអាហារពេលល្ងាច។ ចន្លោះម៉ោង ៦ ល្ងាច ដល់ ៨ យប់ គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ស៊ុបឆ្នាំងដីក្ដៅៗ គ្រឿងសមុទ្រអាំង និងការញ៉ាំសាច់អាំងនៅក្នុងបរិយាកាសពេលល្ងាចដ៏ស្រស់ថ្លា។ តូបណាដែលកាន់តែមមាញឹក វាកាន់តែមានតម្លៃសមនឹងការរង់ចាំ។

ប្រទេសវៀតណាមមានហាងអាហារជាច្រើនដែលភ្ញៀវទេសចរស្គាល់ និងចូលចិត្ត ដូចជា Banh Mi Phuong នៅ Hoi An និង The Lunch Lady នៅទីក្រុងហូជីមិញ។ ប៉ុន្តែវាក៏មានតម្លៃណាស់ដែរក្នុងការសាកល្បងកន្លែងថ្មីៗនៅពេលអ្នកធ្វើដំណើរ។ ទើបតែប្រទះឃើញតូបគួរឱ្យចាប់អារម្មណ៍មួយនៅក្នុងច្រកផ្លូវមែនទេ? ប្រើភ្នែករបស់អ្នកដើម្បីពិនិត្យមើលបញ្ជីខាងក្រោមនេះ៖
១. តើការរៀបចំ — តុ កម្រាលឥដ្ឋ ប្រដាប់ប្រដាប្រើប្រាស់ — មានអនាម័យ និងមានរបៀបរៀបរយដែរឬទេ?
២. តើគ្រឿងផ្សំ ឬមុខម្ហូបត្រូវបានរៀបចំយ៉ាងស្រស់ស្អាត មានពណ៌ស្រស់ឆើតឆាយ និងស្រស់ថ្មីៗល្អដែរឬទេ?
៣. តើមានអតិថិជនក្នុងស្រុកច្រើនកុះករកំពុងទទួលទាន ឬកំពុងរង់ចាំការបម្រើសេវាកម្មដែរឬទេ?
ប្រសិនបើចម្លើយគឺ «បាទ/ចាស» នោះអ្នកបានជ្រើសរើសកន្លែងដ៏ល្អហើយ។ កុម្ម៉ង់អាហារ ហើយរីករាយនឹងការទទួលទានចុះ។
គន្លឹះ៖ នៅប្រទេសវៀតណាម តូបអាហារជាច្រើនបម្រើជូនតែពីរ ឬបីមុខប៉ុណ្ណោះដែលត្រូវបានធ្វើឡើងយ៉ាងសម្រិតសម្រាំងដោយម្ចាស់ចុងភៅ។ ប្រសិនបើអ្នកមិនច្បាស់ថាត្រូវកុម្ម៉ង់អ្វីទេ កុំស្ទាក់ស្ទើរក្នុងការកុម្ម៉ង់អ្វីដែលតុបន្ទាប់កំពុងទទួលទាន។

ទំនៀមទម្លាប់ដែលមិនបាច់និយាយសម្រាប់ការទទួលទានអាហារតាមចិញ្ចើមផ្លូវរបស់វៀតណាម គឺសាមញ្ញ និងងាយស្រួលយល់ ជាពិសេសសម្រាប់អ្នកថ្មីថ្មោង។ វិធានមួយដែលអ្នកតែងតែអាចពឹងផ្អែកបានគឺ «ញ៉ាំមុន បង់លុយក្រោយ»។ កុម្ម៉ង់អាហាររបស់អ្នកនៅខាងមុខ បន្ទាប់មកជ្រើសរើសតុ ឬកៅអីអង្គុយដោយខ្លួនឯង។ ការជូតសម្អាតចង្កឹះ ឬស្លាបព្រារបស់អ្នកយ៉ាងរហ័សមុនពេលញ៉ាំគឺជារឿងធម្មតា (ហើយថែមទាំងជាការល្អទៀតផង) ដូចគ្នានឹងការប្រើចង្កឹះរបស់អ្នកដើម្បីចាប់មុខម្ហូបរួមគ្នានៅលើតុដែរ។ ក្រដាសជូតមាត់ដែលប្រើរួច សំបកក្រូចឆ្មារដែលច្របាច់រួច ឬទងបន្លែអាចបោះចូលទៅក្នុងធុងសម្រាមខាងក្រោមតុ ខណៈពេលអ្នកកំពុងញ៉ាំ។ នៅពេលអ្នកញ៉ាំរួចរាល់ ចូរដាក់ចង្កឹះរបស់អ្នកចូលគ្នាផ្ដេកពីលើចានរបស់អ្នក។
សម្រាប់តូបតូចៗ ភ្ញៀវជាធម្មតាសួររកតម្លៃសរុប ហើយបង់លុយទៅចុងភៅផ្ទាល់នៅពេលដើរចេញទៅក្រៅ។ ក្នុងករណីខ្លះ អ្នកបម្រើអាចនឹងដើរមកតុ ហើយគិតលុយក្នុងចិត្តសម្រាប់វិក្កយបត្ររបស់អ្នក។ ជឿជាក់លើពួកគេចុះ — ពួកគេធ្វើបែបនេះជារៀងរាល់ថ្ងៃ។ វិក្កយបត្រជាលាយលក្ខណ៍អក្សរមិនមែនជារឿងធម្មតាទេសម្រាប់អាហារក្នុងស្រុក ប៉ុន្តែអ្នកអាចស្នើសុំវាបានប្រសិនបើចាំបាច់។
គន្លឹះ៖ នៅម៉ោងមមាញឹកខ្លាំង ភ្ញៀវដទៃទៀតអាចនឹងមកអង្គុយញ៉ាំរួមតុជាមួយអ្នក។ ក្នុងករណីបែបនេះ ស្នាមញញឹមគឺជាការប្រាស្រ័យទាក់ទងគ្នាតែមួយគត់ដែលត្រូវការ។

គ្រឿងផ្សំគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការទទួលទានអាហារបែបវៀតណាម។ នៅលើតុរបស់អ្នក ជាញឹកញាប់នឹងមានក្រឡទឹកត្រី ក្រឡខ្ទឹមស និងម្ទេសក្នុងទឹកខ្មេះ ហើយប្រហែលជាមានម្ទេសឆាក្រហម ម្ទេសហាន់ស្រស់ៗ ក្រូចឆ្មារ ឬក្រូចឆ្មារតូចៗ ឬសូម្បីតែកាពិដែលមានក្លិនឆួល។ គ្រឿងផ្សំទាំងអស់នេះគឺសម្រាប់ឱ្យអ្នកលៃលករសជាតិអាហារទៅតាមចំណូលចិត្តរបស់អ្នក។
សម្រាប់មុខម្ហូបគុយទាវ បន្លែ និងជីគ្រប់មុខរួមមាន — ជីអង្កាម ជីរវ៉ាន់ស៊ុយ ជីនាងវង និងសាឡាត់ — ត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ។ ដាក់បន្លែទាំងនេះចូលទៅក្នុងទឹកស៊ុប ឬច្របល់ជាមួយមីស្ងួត ដើម្បីបន្ថែមភាពស្រួយ និងក្លិនឈ្ងុយ។ សម្រាប់មុខម្ហូបរុំ សន្លឹកក្រដាសអង្ករ និងស្លឹកបន្លែធំៗសម្រាប់រុំ និងជ្រលក់ត្រូវបានផ្ដល់ជូន។ ទឹកជ្រលក់អាចមានចាប់ពីទឹកអម្ពិលជូរអែម ទឹកត្រីផ្អែមប្រៃ រហូតដល់ទឹកជ្រលក់សណ្ដែកដីលីង។ អ្នកបម្រើរបស់អ្នកនឹងរីករាយក្នុងការបង្ហាញអ្នកពីការផ្សំគ្រឿងដែលត្រឹមត្រូវ។
គន្លឹះ៖ ជំនួសឱ្យទឹកស៊ីអ៊ីវ ជនជាតិវៀតណាមចូលចិត្តប្រើទឹកត្រីពីរបីដំណក់ដើម្បីបន្ថែមរសជាតិអាហាររបស់ពួកគេ។ មានប្រភេទ និងកម្រិតទឹកត្រីរាប់មិនអស់ ហើយវាជាគ្រឿងផ្សំដែលមិនអាចខ្វះបាននៅក្នុងផ្ទះបាយណាមួយឡើយ។

នៅពេលដែលមាត់របស់អ្នកមិនទាន់ពេញដោយអាហារដ៏ឆ្ងាញ់ពិសា អ្នកប្រហែលជាចង់បង្ហាញអារម្មណ៍ដោយប្រើឃ្លាភាសាវៀតណាមទូទៅមួយចំនួន។ ខាងក្រោមនេះជាឃ្លាមួយចំនួនដែលអ្នកធ្វើដំណើរគ្រប់រូបគួរដឹង៖
នៅគ្រប់ទីកន្លែងក្នុងប្រទេសវៀតណាម ការនិយាយដោយទំនុកចិត្តថា ‘em ơi!’ នឹងហៅអ្នកបម្រើមកជួយអ្នក។
អ្នកទទួលទានអាហារបួសនៅក្នុងប្រទេសវៀតណាមនឹងចង់រៀនពាក្យ ‘không thịt’ (គ្មានសាច់) និង ‘ăn chay’ (អាហារបួស) ដើម្បីប្រើប្រាស់ក្នុងអំឡុងពេលធ្វើដំណើររបស់ពួកគេ។
‘Ngon quá’ មានន័យថា ‘ឆ្ងាញ់ណាស់’។
នៅពេលបង្ហាញពីអ្វីដែលអ្នកចង់បាន សូមសួររក ‘một suất’ (មួយចំណែក) ឬ ‘một cái này’ (មួយនេះ។)
‘Trà đá’ គឺជាតែបៃតងទឹកកក ដែលតូបលក់ដូររបស់វៀតណាមទូទាំងប្រទេសបម្រើជូនជំនួសឱ្យទឹកធម្មតា។ ក្នុងអាកាសធាតុត្រជាក់ អ្នកប្រហែលជាចូលចិត្ត ‘trà nóng’ (តែប្ដៅ) ជាមួយអាហាររបស់អ្នក។
ត្រៀមខ្លួនចេញដំណើរហើយឬនៅ? និយាយថា ‘tính tiền’ ដើម្បីគិតលុយ។

សូមរីករាយជាមួយការទទួលទាន!