
ហាឡុង ប្រទេសវៀតណាម (ថ្ងៃទី ៣ ឧសភា ឆ្នាំ ២០១៩) -- ថ្មីៗនេះ ក្រុមហ៊ុន Sun Group បានប្រកាសបើកដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិហាឡុង (Hạ Long International Cruise Port) ថ្មី នៅក្នុងសង្កាត់ Bãi Cháy នៃក្រុងហាឡុង។ កំពង់ផែថ្មីនេះសន្យាថានឹងពង្រីកច្រកចូលទៅកាន់ឈូងសមុទ្រពីទីក្រុងហាឡុង ដោយផ្តល់នូវចំណុចចូលដែលកាន់តែងាយស្រួល និងមានផាសុកភាពសម្រាប់នាវាផ្សេងៗ។
ត្រូវបានបើកដំណើរការជាផ្លូវការនៅថ្ងៃបុណ្យឯកភាពជាតិ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៩ កំពង់ផែទេសចរណ៍អន្តរជាតិហាឡុង មានបំពាក់នូវគ្រឿងបរិក្ខារទំនើបៗឈានមុខគេ ដែលត្រូវបានរចនាឡើងដើម្បីស្វាគមន៍ភ្ញៀវទេសចរដោយភាពងាយស្រួល។
កំពង់ផែទេសចរណ៍អន្តរជាតិហាឡុង អាចផ្ទុកនាវារហូតដល់ ៣០០ គ្រឿង ជាមួយនឹងផែទំនើបចំនួនបួន។ កំពង់ផែនេះមានគ្រឿងបរិក្ខារដើម្បីបម្រើដល់ទូកល្បឿនលឿន នាវាទេសចរណ៍ និងទូកកម្សាន្ត (yachts) សម្រាប់ស្នាក់នៅពេលយប់ ហើយត្រូវបានរចនាឡើងដើម្បីផ្លាស់ទីតាមការឡើងចុះនៃទឹកជំនោរ។ កំពង់ផែថ្មីនេះក៏មានទីតាំងស្ថិតនៅជិត ដែលចំណាយពេលបើកបរត្រឹមតែមួយរយៈពេលខ្លីពីផ្សារហាឡុង (Ha Long Market) សារមន្ទីរ Quang Ninh និងរមណីយដ្ឋានកម្សាន្ត Sun World Halong Entertainment Complex ផងដែរ។
ស្ថានីយផែទេសចរណ៍អន្តរជាតិហាឡុង ត្រូវបានរចនាឡើងដោយស្ថាបត្យករសណ្ឋាគារ និងរមណីយដ្ឋានប្រណីតដ៏ល្បីល្បាញគឺលោក Bill Bensley ជាមួយនឹងលក្ខណៈតុបតែងលម្អដូចជា ទីធ្លាខាងក្នុង និងអាងទឹកបាញ់។ កំពង់ផែនេះក៏ត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗសម្រាប់អ្នកដំណើរ រួមមានហាងកាហ្វេ និងហាងលក់វត្ថុអនុស្សាវរីយ៍ ដើម្បីឱ្យភ្ញៀវបានសម្រាកលម្ហែកាយក្នុងអំឡុងពេលផ្ទេរដំណើររបស់ពួកគេ។
សម្រាប់ព័ត៌មានចុងក្រោយអំពីកាលវិភាគទៅកាន់ឈូងសមុទ្រហាឡុង សូមទូរស័ព្ទទៅលេខ 0328 225 699។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ គេហទំព័រផ្លូវការ នៃកំពង់ផែទេសចរណ៍អន្តរជាតិហាឡុង។