Vietnam Tourism

  • ដំណើរកម្សាន្តមួយថ្ងៃនៅតំបន់ដីសណ្ដទន្លេមេគង្គ

    រូបថតទាំងអស់ដោយ Christian Berg

មានភាពស្ងប់សុខប្លែកម្យ៉ាងអំពី ដីសណ្ដទន្លេមេគង្គ របស់ប្រទេសវៀតណាម។ ដោយគ្រាន់តែធ្វើដំណើររយៈពេលខ្លីពីទីក្រុងហូជីមិញ ទីប្រជុំជនតាមដងទន្លេ កោះតូចៗដ៏ខៀវស្រងាត់ និងខ្សែទឹកហូរយឺតៗនៃតំបន់ដីសណ្ដនេះ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលភ្លាមៗ។ អ្នកអាចចំណាយពេលរាប់សប្តាហ៍ដើម្បីរុករកតំបន់ដីសណ្ដនេះយ៉ាងងាយស្រួល ប៉ុន្តែប្រសិនបើអ្នកមានពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ សូមធ្វើដំណើរកម្សាន្តទៅកាន់ជនបទដ៏គួរឱ្យទាក់ទាញនៃតំបន់ដីសណ្ដទន្លេមេគង្គ។

វិធីដ៏ល្អបំផុតដើម្បីស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងពិសោធន៍ចំណុចលេចធ្លោនានានៃតំបន់ដីសណ្ដនេះ គឺការជៀសវាងពីភាពអ៊ូអរ ហើយជ្រើសរើសយកដំណើរទេសចរណ៍បែបធម្មជាតិ ឬដំណើរទេសចរណ៍ជិះកង់។ នេះជាអ្វីដែលអ្នកអាចរំពឹងទុក។


ការជិះទូកកម្សាន្តដ៏ស្រស់ស្អាត

ដំណើរទេសចរណ៍មួយថ្ងៃនៅដីសណ្ដទន្លេមេគង្គ ទេសចរណ៍វៀតណាម

វាចំណាយពេលធ្វើដំណើរប្រហែលពីរម៉ោងពីសណ្ឋាគាររបស់អ្នកក្នុងទីក្រុងហូជីមិញទៅកាន់ទីក្រុង Ben Tre ដែលជាកន្លែងអ្នកនឹងបានឃើញទិដ្ឋភាពដំបូងនៃជីវិតនៅតំបន់ដីសណ្ដ។ ឡើងជិះទូកដើម្បីធ្វើដំណើរលំហែកាយតាមដងទន្លេ។ នៅតាមដងទន្លេ អ្នកនឹងឃើញអគារអាណានិគមដ៏ស្រស់ស្អាត ផ្សារដែលមានពណ៌ចម្រុះ និងផ្ទះសសរខ្ពស់ៗរាប់មិនអស់ដែលសាងសង់នៅលើទឹក។

កាន់តែចូលជ្រៅទៅក្នុងតំបន់ដីសណ្ដ ទេសភាពកាន់តែមានពណ៌ខៀវស្រងាត់ និងបែបតំបន់ត្រូពិច។ ធាងដូងខ្ពស់ៗដុះតម្រៀបគ្នាតាមដងទន្លេតូចចង្អៀត ដែលទីនោះទឹកពណ៌ស្ករត្នោតនាំទូកផ្ទុកដូង និងផ្លែឈើយ៉ាងធ្ងន់ៗឆ្ពោះទៅកាន់សមុទ្រ ឬដីគោក។ វាពិតជាគួរឱ្យរីករាយណាស់ក្នុងការជិះទូកតាមព្រែកតូចៗនៃតំបន់ដីសណ្ដនេះ ដោយគ្រាន់តែអង្គុយសម្រាក ហើយបណ្តោយខ្លួនឱ្យខ្យល់ទន្លេ និងទេសភាពបក់មកក្បែរខ្លួនអ្នក។


កសិដ្ឋាន និងរោងចក្រលក្ខណៈគ្រួសារ

ដំណើរកម្សាន្តមួយថ្ងៃល្អបំផុតនៅ Ben Tre

ធនធានធម្មជាតិដ៏សម្បូរបែប និងដីមានជីជាតិរបស់តំបន់ដីសណ្ដនេះ ធ្វើឱ្យវាក្លាយជាតំបន់ផលិតភាពបំផុតមួយរបស់ប្រទេសវៀតណាម។ ភូមិឋាននៅទីនេះសម្បូរទៅដោយឧស្សាហកម្មលក្ខណៈគ្រួសារ ចាប់តាំងពីកសិដ្ឋានចិញ្ចឹមត្រី រោងចក្រផលិតឥដ្ឋ រហូតដល់ចម្ការផ្លែឈើ។ 

ខេត្ត Ben Tre ត្រូវបានគេស្គាល់ជាពិសេសចំពោះផ្លែដូងទុំធម្មជាតិ។ ក្នុងដំណើរទេសចរណ៍នេះ អ្នកនឹងមានឱកាសចូលទស្សនារោងចក្រផលិតស្ករគ្រាប់ដូង ដើម្បីមើលពីរបៀបដែលស្ករគ្រាប់ដ៏ស្អិត និងគួរឱ្យចង់ញ៉ាំនេះត្រូវបានផលិត និងវេចខ្ចប់ដោយដៃតាមបែបប្រពៃណី។ នៅកន្លែងផ្សេងទៀត អ្នកនឹងឃើញក្រុមគ្រួសារជាច្រើនកំពុងកែច្នៃដីឥដ្ឋដ៏សម្បូរបែបនៃតំបន់ដីសណ្ដឱ្យទៅជាឥដ្ឋសម្រាប់សាងសង់ផ្ទះ និងអគារថ្មីៗ។ កម្មកររៀបចំសូនឥដ្ឋដោយប្រើម៉ាស៊ីនសាមញ្ញៗ ហើយដុតវានៅក្នុងឡដ៏ធំដែលសាងសង់នៅលើច្រាំងទន្លេ។


ការជិះកង់នៅតាមជនបទ

ដំណើរទេសចរណ៍មួយថ្ងៃនៅដីសណ្ដទន្លេមេគង្គ

ឡើងជិះកង់ទាំងអស់គ្នា។ ផ្លូវកោងបត់បែន កោះតូចៗ និងភូមិឋាននានានៃតំបន់ដីសណ្ដទន្លេមេគង្គ គឺស័ក្តិសមបំផុតសម្រាប់ការជិះកង់។ ជិះឆ្លងកាត់ព្រែកតូចៗ កាត់តាមផ្ទះសម្បែងដែលមានរបៀបរៀបរយ និងជិះក្រោមដើមដូងខ្ពស់ៗ និងគុម្ពផ្កាដែលកំពុងរីកស្គុះស្គាយ។ កុំប្លែកចិត្តអី ប្រសិនបើឃើញក្មេងៗរត់មកសួស្តីអ្នក ឬក៏អ្នកជួបហ្វូងទាដើរតាមផ្លូវ។ ការជិះកង់គឺជាវិធីដ៏ល្អមួយដើម្បីស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់យ៉ាងជិតស្និទ្ធ និងគយគន់សម្រស់ធម្មជាតិតំបន់ត្រូពិចនៃតំបន់ដីសណ្ដទន្លេមេគង្គ។


ការជួបសំណេះសំណាលជាមួយប្រជាជនក្នុងតំបន់

ដំណើរទេសចរណ៍មួយថ្ងៃនៅដីសណ្ដទន្លេមេគង្គ

ពួកយើងជនជាតិវៀតណាមត្រូវបានគេស្គាល់ថាជាមនុស្សរួសរាយរាក់ទាក់ ប៉ុន្តែប្រជាជននៅតំបន់ដីសណ្ដទន្លេមេគង្គមានភាពល្បីល្បាញសូម្បីតែនៅក្នុងប្រទេសផ្ទាល់ចំពោះភាពកក់ក្តៅ និងការទទួលរាក់ទាក់របស់ពួកគេ។ កុំអាលចាកចេញទៅដោយមិនបានបង្កើតមិត្តថ្មីមួយចំនួនឱ្យសោះ។ ស្នើសុំឱ្យភ្នាក់ងារទេសចរណ៍របស់អ្នកនាំអ្នកទៅទស្សនាផ្ទះបុរាណដូនតាដ៏ស្រស់ស្អាត ដែលនៅទីនោះអ្នកអាចស្វែងយល់អំពីជីវិតរបស់ម្ចាស់ផ្ទះ និងកេរដំណែលគ្រសាររបស់ពួកគេ។

ប្រជាជននៅតំបន់ដីសណ្ដចូលចិត្តចំណាយពេលទៅសួរសុខទុក្ខគ្នាទៅវិញទៅមក និងអង្គុយនៅខាងក្រៅ ក្រេបតែបៃតង និងញ៉ាំផ្លែឈើស្រស់ៗ។ ជាញឹកញាប់ ភ្ញៀវនឹងច្រៀងចម្រៀងប្រជាប្រិយ ឬលេងភ្លេងឱ្យគ្នាស្ដាប់។ ប្រសិនបើអ្នកត្រូវបានគេអញ្ជើញ សូមចូលរួមអង្គុយ និងចូលរួមក្នុងប្រពៃណីក្នុងតំបន់នេះ។ 


អាហារដ៏ឈ្ងុយឆ្ងាញ់

ដំណើរកម្សាន្តមួយថ្ងៃល្អបំផុតនៅ Ben Tre

ដោយមានទាំងចម្ការផ្លែឈើ កសិដ្ឋានបន្លែ ទន្លេ និងវាលស្រែនៅជុំវិញខ្លួន អាហារនៅក្នុងតំបន់ដីសណ្ដគឺតែងតែស្រស់ៗ និងមានរសជាតិឆ្ងាញ់។ ជនជាតិវៀតណាមនៅក្នុងតំបន់នេះទទួលទានអាហារលក្ខណៈគ្រួសារ ដោយមានមុខម្ហូបដាក់នៅចំកណ្ដាលតុសម្រាប់ចែករំលែកគ្នា។

អាហារថ្ងៃត្រង់របស់អ្នកនៅ Ben Tre ទំនងជាមានមុខម្ហូបបុរាណនៃទន្លេមេគង្គ៖ ត្រីត្រចៀកដំរីបំពង។ សាច់ត្រីស្រួយត្រូវបានរុំក្នុងនំក្រដាសអង្ករជាមួយម្នាស់ ត្រសក់ ជី និងសាឡាត់ រួចជ្រលក់ជាមួយទឹកជ្រលក់អំពិលទុំជូរអែម។ ចុងភៅនៅក្នុងតំបន់ដីសណ្ដរៀបចំសម្លការីស្លឹកគ្រៃ និងខសាច់ក្នុងឆ្នាំងដីដ៏មានរសជាតិឆ្ងាញ់ ហើយអមដោយស៊ុបក្តៅៗ ឆាបន្លែជាមួយខ្ទឹមស និងបាយក្តៅៗហុយៗ។ ដួសដាក់ចានរបស់អ្នក ហើយរីករាយជាមួយអាហារ!


ចង់បានគំនិតធ្វើដំណើរកម្សាន្តនៅប្រទេសវៀតណាមបន្ថែមទៀតទេ? ចុះឈ្មោះសម្រាប់ព្រឹត្តិបត្រព័ត៌មានរបស់យើង ដើម្បីទទួលបានរឿងរ៉ាវល្អៗបំផុតរបស់យើងនៅក្នុងប្រអប់សំបុត្ររបស់អ្នក។